អ្នកជំនាញកម្ពុជាជឿថា ប្រទេសចិននឹងសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញមួយរូបលើកឡើងថា ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក និងជាអ្នករក្សាស្ថេរភាព នៃខ្សែសង្វាក់តម្លៃសកល កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព របស់ប្រទេសចិនមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញសេដ្ឋកិច្ចពិភពលោក។

ថ្លែងទៅកាន់សារពត៌មាន Xinhua មុនបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់តំបន់អាស៊ី ដែលកំពុងរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី១៩ ខែមីនា នៅទីក្រុង Boao ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា  សេដ្ឋកិច្ចចិន ត្រូវបានស្តារឡើងវិញជាលំដាប់ ជាមួយនឹងការសម្រេចបានវឌ្ឍនភាពយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយភាពធន់។

លោកបានលើកឡើងថា នៅឆ្នាំ២០២៣ ប្រទេសចិនសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ក្នុងរង្វង់៥,២ភាគរយ។ លោ ក​បាន​បន្ត​ថា​ កំណើន​សេដ្ឋកិច្ច​ចិនប្រកបដោយស្ថិរភាព​​ ផ្តល់អត្ថប្រយោជន៍​​ មិន​ត្រឹមតែ​សម្រាប់​ប្រទេស​ចិន​ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ប្រទេស​ដទៃ​ទៀត ​នៅលើពិភពលោក​ផង​ដែរ​ ជាពិសេស​គឺបណ្តាប្រទេស​ក្រីក្រ​ និង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​។លោកបានអះអាងថា “ប្រទេសចិនតែងតែចែករំលែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាមួយពិភពលោកតាមរយៈគំនិតផ្តួចផ្តើមជាសកលមួយចំនួនដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកលជាដើម”។

លោកបណ្ឌិត គិន ភា បង្ហាញក្តីជឿ​ជាក់​ថា ប្រទេសចិននឹងអាចសម្រេចបាននូវគោល​ដៅ ​កំណើន​សេដ្ឋកិច្ច​​របស់ខ្លួនប្រមាណ៥ភាគរយ​នៅ​ឆ្នាំ​២០២៤នេះ​។

លោកបានកត់សម្គាល់ថា “ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវគោ លការណ៍ទូទៅ ក្នុងការស្វែងរកវឌ្ឍនភាព ការរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព ហើយអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យ”។អ្នកជំនាញរូបនេះបានបន្តទៀតថា ប្រទេសចិនបានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញគំរូនៃការអភិវឌ្ឍន៍ថ្មី ធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ការបើកចំហរ ការពង្រឹងបទប្បញ្ញត្តិម៉ាក្រូ និងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេរដង ដើម្បីពង្រីកតម្រូវការក្នុងស្រុក។

លោកបណ្ឌិត គិន ភា ក៏បានចែករំលែកទស្សនៈរបស់លោក លើគោលគំនិតនៃការបង្កើត កម្លាំងផលិតភាពថ្មី ប្រកបដោយគុណភាព” ដោយលោកលើកឡើងថា គោលគំនិតនេះ មានភាពស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា “ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ត្រូវបានគេវាយតម្លៃថា កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក”។

លោកបានបញ្ជាក់បន្ថែមថា មជ្ឈដ្ឋានជាទូទៅទទួលស្គាល់ថា ប្រទេសចិន សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៅក្នុងវិស័យផ្សេងៗ ដូចជាថាមពលថ្មី ផ្លូវរថភ្លើងល្បឿនលឿន ព័ត៌មានទំនើប សម្ភារៈថ្មី និងបញ្ញាសិប្បនិម្មិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here