រដ្ឋមន្រ្តីកូរ៉េបង្ហាញពីបំណងពង្រីកការវិនិយោគនៅកម្ពុជា ខណៈសម្តេចធិបតីថាសេដ្ឋកិច្ចកម្ពុជានឹងកើន៦,៦ភាគរយនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  លោកIn-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីបំណងពង្រីការវិនិយោគនៅកម្ពុជា។

លោកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជំនួបនេះមានការអញ្ជើ​ញចូលរួមពីលោកCHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះ លោកសហប្រធានគណៈប្រតិភូ បាន វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទី លើឆាកអន្តរជាតិរបស់កម្ពុជា ប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ។

ជាមួយគ្នានេះ លោកសហប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។

តាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។

លោកសហប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រី​កនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។

សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនគណៈប្រតិភូផងដែរថា តាមរយៈការធានា និងរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា អាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។

បន្ទាប់ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានស្ដារឡើងវិញប្រកបដោយភាពធន់ ហើយជឿជាក់ថាសេដ្ឋកិច្ចនឹងមានការកើនក្នុងរង្វង់៦,៦ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនដល់គណៈប្រតិភូ អំពីគោលនយោបាយក្នុងការទាក់ទាញ ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញ នូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែ​ងរបស់កម្ពុជា នៅក្នុងតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតីបានគូសរំលេច អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់វិនិយោគិននៅក្នុងកម្ពុជា តាមរយៈការរៀបចំ នូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)។

សម្ដេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ កម្មវិធីសិក្សា ការពង្រីកនូវការបណ្តុះបណ្តាល STEM  និង STEAM  និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

សម្តេ​ចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តបើកចំហចំពោះការវិនិយោគ មកពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយឈរលើភាពបត់បែន និងភាពជាក់ស្តែងនិយម និងការដាក់ចេញនូវគោលនយោបាយក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិអាជីវកម្មនៅកម្ពុជា ដើម្បីរក្សានូវបរិយាកាសវិនិយោគ ក៏ដូចជារក្សានូវភាពប្រកួតប្រជែង ក្នុងគោលបំណងថែរក្សាវិនិយោគិន ដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកាន់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here