ដោយ: គង់ លាងហួរ
តូក្យូ: ប្រទេសជប៉ុន បានប្រកាសពីផែនការអភិវឌ្ឍន៍យន្តហោះដឹកអ្នកដំណើរជំនាន់ក្រោយ ក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ បន្ទាប់ពីផែនការ ដែលផ្តួចផ្តើមដោយក្រុមហ៊ុនឯកជនមួយ ត្រូវបានលុបចោលកាលពីឆ្នាំមុន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានឱ្យដឹងថា គម្រោងរវាងសាធារណៈ និងឯកជនថ្មីនេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា អុីដ្រូសែន ឬអគ្គិសនីកូនកាត់ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
សេចក្តីថ្លែងការណ៍បានបន្តថា “វាមានសារៈសំខាន់ណាស់ សម្រាប់ពួកយើង ក្នុងការផលិតយន្តហោះជំនាន់ក្រោយ ដោយផ្អែកលើបច្ចេកវិទ្យា ដែលប្រទេសជប៉ុនមាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយកាបូន នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ”។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់អ្នកនយោបាយ អ្នកជំនាញ និងពាណិជ្ជករ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រឧស្សាហកម្ម អាកាសចរណ៍របស់ប្រទេសជប៉ុន មន្ត្រីក្រសួងសេដ្ឋកិច្ចមួយរូប បានបង្ហើបឱ្យដឹងថា យន្តហោះថ្មីនេះ នឹងផលិតរួចរាល់ក្រោយឆ្នាំ២០៣៥។
មន្ត្រីរូបនោះបានបន្តឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រទេសជប៉ុន ត្រូវការបណ្តាក់ទុនវិនិយោគ សរុបចំនួន៥ទ្រីលានយ៉េន(ប្រហែល៣៣ពាន់លានដុល្លារ) សម្រាប់អភិវឌ្ឍឧស្សាហកម្មនេះ រួមទាំងសម្រាប់អភិវឌ្ឍន៍ យន្តហោះដឹកអ្នកដំណើរថ្មីផងដែរ។
ប្រទេសជប៉ុនផលិតយន្តហោះពាណិជ្ជកម្ម ក្នុងស្រុកដំបូងបង្អស់ដោយជោគជ័យក្នុងឆ្នាំ១៩៦២ ដែលមានឈ្មោះថា YS-11 turboprop ប៉ុន្តែជប៉ុនបានបញ្ឈប់ការផលិត នៅប្រហែលមួយទសវត្សរ៍ក្រោយ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ប្រទេសជប៉ុនបានប្រកាសផលិតយន្តហោះពាណិជ្ជកម្ម ក្នុងស្រុកឡើងវិញ៕






