រដ្ឋមន្រ្តីការបរទេសៈសុខភាពសេដ្ឋកិច្ចសកលនៅតែមាន ភាពផុយស្រួយ

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោកសុខ ចិន្តាសោភាបានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចសកលនៅតែ​មានសភាពផុយស្រួយ បើទោះជាវាត្រូវបានស្តារឡើងវិញក៏ដោយ។

លោកបានថ្លែងបែបនេះ ក្នុងបើកពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបន្តថា ស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រួមទាំងបញ្ហាសន្តិសុខ ប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពលជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ ដែលត្រូវដោះស្រាយរួមគ្នា។

ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តន៍ឱ្យបានជោគជ័យ នូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ដ្រីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោកព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ដោយបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ការងារចាំបា​ច់ ដែលក្រសួងនឹងបន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្ដ្រីការទូត កាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាព ប៉ិនប្រសប់ មានសមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផល ប្រយោជន៍ជាតិ និងប្រជាជន។

លោកសុខ ចិន្តាសោភា បានបន្តថា ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុង ចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី “ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើន ប្រសិទ្ធភាព និងរក្សាចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here