ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានរៀបចំវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនសំណង់ ដែលរងផលប៉ះពាល់ ដោយសារការដំឡើងអត្រាការប្រាក់ ស្របពេលមានការព្រួយបារម្ភអំពីតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល សហការជាមួយនឹងធនាគារពាណិជ្ជ គ្រោងនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ចំនួន៤០,៦ទ្រីលានវ៉ុន (ប្រហែល៣០,៣ពាន់លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម តាមរយៈការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ចាប់ពីខែមេសាតទៅ។
-->
ក្រសួងទទួលបន្ទុកគោលនយោបាយហិរញ្ញវត្ថុ ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ប្រាក់ចំណូល ដែលបានមកពីអត្រាការប្រាក់ដល់អាជីវកម្មខ្នាតតូច និងបុគ្គលស្វ័យនិយោជន៍។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បានបន្តថា សម្រាប់ក្រុមហ៊ុនសំណង់ ដែលជួបបញ្ហាដោយសារការកើនឡើង នៃតម្លៃវត្ថុធាតុដើម និងអត្រាការប្រាក់ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រសាច់ប្រាក់ងាយស្រួល ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យ និងពន្លឿនការគាំទ្រតាមរយៈមូលនិធិ ដើម្បីស្តារស្ថិរភាពទីផ្សាររបស់ខ្លួន។
យោងតាមការស្ទង់មតិរបស់ធនាគារកណ្តាលកូរ៉េ (BOK) បានបង្ហាញថា ទំនុកចិត្តរបស់ធុរជន នៅក្នុងវិស័យសេវាកម្មរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ខែមេសា បានបង្ហាញសញ្ញាទុទិដ្ឋិនិយមបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣។
កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Taeyoung Engineering & Construction ដែលជាក្រុមហ៊ុនសំណង់ខ្នាតមធ្យមរបស់កូរ៉េខាងត្បូងបានអះអាងថា ខ្លួនគ្រោងរៀបចំរចនាសម្ព័ន្ធបំណុ លឡើងវិញ ដែលការណ៍នេះបានបង្កើន ក្តីព្រួយបារម្ភអំពីបញ្ហាសាច់ ប្រាក់ងាយស្រួល នៅតាមបណ្តាក្រុមហ៊ុនសំណង់ផ្សេងទៀត៕