គម្រោងព្រែកជីក Seine-Nord Europe របស់ប្រទេសបារាំងរំពឹងសម្រេចបញ្ចប់ការសាងសង់ដូចការគ្រោងទុក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសបារាំងកំពុងសម្រេច បានវឌ្ឍនភាពទៅមុខយ៉ាងរលូន ក្នុងការសាងសង់ព្រែកជីកថ្មីមួយ ដែល​នឹង​តភ្ជាប់​ប្រទេសរបស់ខ្លួន ទៅ​បណ្តាប្រទេស​អឺរ៉ុប​ចំនួន៣ផ្សេង​ទៀត​ តាម​រយៈ​ទីក្រុង​ប៉ារីស។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានExpress.co.uk។

ព្រែកជីកនេះមានឈ្មោះថា Seine-Nord Europe (SNEC) ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ បន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តជាផ្លូវការ កាលពី១៥ឆ្នាំមុនមកម្ល៉េះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកជញ្ជូននៅទ្វីបអឺរ៉ុប។

គម្រោងខ្នាតយក្សតម្លៃ៥,៥ពាន់លានដុល្លារនេះ បានជួបការលំបាក ក្នុងការចាប់ផ្តើមបើកការដ្ឋានសាងសង់ គិតចាប់តាំងពីគម្រោងត្រូវបានអនុម័ត ជាលើកដំបូងក្នុងឆ្នាំ២០០៩ ប៉ុន្តែទីបំផុត ការងារសាងសង់ ទើបតែបានចាប់ផ្តើមឡើង នៅក្នុងខែកក្កដា ឆ្នាំមុន។
ព្រែកជីកថ្មី​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​ជា​ដំណោះស្រាយ​ ចំពោះ​បញ្ហា​កកស្ទះ ​ដែល​មាន​ស្រាប់​នៅព្រែកជីក Canal du Nord និងព្រែកជីក Canal de Saint-Quentin ស្ថិត​នៅ​ភាគ​ខាងជើង​នៃប្រទេស​បារាំង។

នៅពេលដែលគម្រោងនេះ ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០៣០ខាងមុខ ផ្លូវទឹកប្រវែង១០៧គីឡូម៉ែត្រនេះ នឹងតភ្ជាប់ទន្លេ Rise River ទៅកាន់ព្រែកជីក Dunkirk-Escaut ។ ព្រែកជីកថ្មីនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញ ពីទីក្រុងប៉ារីសទៅកាន់ប្រទេសបែលហ្សិក ហូឡង់ និងលុចហ្សំបួរ។

ក្រុមហ៊ុនវិស្វកម្ម Arcadis ដែលបានចូលរួមពិគ្រោះយោ​បល់លើគម្រោងនេះបានបង្ហើបឱ្យដឹងថា ផ្លូវទឹកនេះ អាចកាត់បន្ថយការបំភាយកាបូន  ហើយព្រែកជីកនេះ អាចកាត់បន្ថយរថយន្តដឹកទំនិញបានចំនួន៧៦០.០០០គ្រឿង ចេញពីផ្លូវថ្នល់ជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here