ដោយៈ គង់ សូរិយា
បាត់ដំបងៈ ខេត្តបាត់ដំបង ពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដោយ សារតែខេត្តមួយនេះ មានកត្តាអំណោយផល ពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីមានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែង សម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវ ដែលខេត្តបាត់ដំបង បាននាំអង្ករចេញក្រៅប្រទេសមានកំណើនខ្ពស់។
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា ទំនិញនាំចេញពីខេត្តបាត់ដំបង ទៅកាន់ប្រទេសថៃភាគច្រើន ជាផលិតផលកសិកម្មមានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវរមៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារិម ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាដើម។
លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤កន្លងមកថា ខេត្តបច្ចុប្បន្នមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍ផងទេ។
-->
លោកបន្តថាបច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀតផងដែរ ដែលកំពុងសាងសង់ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់ផង គឺមានសរុបចំនួន១៧រោងចក្រ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅចុងត្រីមាទី១ ឆ្នាំ២០២៤ មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅខេត្តបាត់ដំបងដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រ ស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន៧៣៦ ដែលបាន ផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។
ក៏ប៉ុន្តែពុំមានការបញ្ជាក់ថា តើរោងចក្រធំៗ ទាំង១៦ ដែលស្ថិតក្នុងស្រុកចំនួន២របស់ខេត្តបាត់ដំបង នៅដំណើរការពេញលទ្ធភាព ឬយ៉ាង ណានោះឡើយ ពីព្រោះរោងចក្រខ្លះ ពឹងផ្អែកលើផលិតផលក្នុងស្រុកបំពេញឱ្យសង្វាក់ ផលិតកម្ម ដូចជាស្រូវ ដំឡូង និងអំពៅជាដើម។
ទោះបីយ៉ាងណា លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រមាណ ៩.៧១៣.៤១៣លានរៀល គិតជាដុល្លារមានប្រហែល ២.៣៨៤លានដុល្លារអាមេរិក ហើយក្នុងអំឡុង១០ឆ្នាំចុងក្រោយនេះ អាចមាន កំណើន៧,៥ភាគរយក្នុង១ឆ្នាំ។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចខេត្តបាត់ដំបង បានធ្លាក់នៅត្រឹម ៤,៨ ក្នុង១ឆ្នាំ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ ទើបធ្វើឱ្យសេដ្ឋកិច្ចខេត្ត ធ្លាក់ចុះអត្រាភាគរយនៃចំណូលបែបនេះ។
ខេត្តបាត់ដំបងក៏មានភាពអំណោយផល លើវិស័យពាណិជ្ជកម្ម ដោយមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃច្រើន មានតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត ដូចជារមណីយដ្ឋានភ្នំសំពៅ ផ្ទះបុរាណ បឹងកំពីងពួយ ប្រាសាទភ្នំបាណន់ ប្រាសាទឯកភ្នំ ជាដើម៕