ដោយៈ គង់ សូរិយា
ភ្នំពេញៈ លទ្ធផលនៃការស្ទង់មតិបរទេសបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៨២ភាគរយ ក្នុងរយៈពេល៥ខែដំបូង ដែលមិនត្រឹមតែធានាបាននូវស្ថិរភាពនៃប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការជឿទុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។
តួលេខនេះត្រូវបានចែករំលែក កាលពីថ្ងៃសុក្រ ដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃរាជរដ្ឋាភិបាលថ្មី ក៏ដូចជាពិនិត្យមើលសមិទ្ធផលរបស់ក្រសួង និងដាក់ចេញនូវគោលដៅថ្មីៗ។
លោកនេត្រ ភក្ត្រា បានបន្ថែមថា តួលេខនេះបានឃើញការកើនឡើងចំនួន៥ភាគរយ ពី៧៧ភាគរយនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន ក្នុងខែឧសភា ឆ្នាំ២០២៣ ដោយបន្ថែមថាការកើនឡើងបែបនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺដោយសារផ្លូវត្រឹមត្រូវ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រុមប្រឆាំងបានមើលខុសថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានចាប់ផ្តើមនៅចុងខែសីហា ឆ្នាំ២០២៣ មិនអាចដឹកនាំប្រទេស ហើយបន្ទាប់មកបាត់បង់ប្រជាប្រិយភាព និងមិនអាចឈរជាមួយនឹង វិបត្តិសេដ្ឋកិច្ចពិភពលោក និងបញ្ហាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយនឹងបញ្ហាសង្គមផ្សេងទៀត។
លោក នេត្រ ភក្ត្រាបានបន្តថា បានបន្ថែមលើការបូកសរុបពីវឌ្ឍនភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពរបស់ក្រសួង ដោយផ្អែកលើយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាមួយនឹងតម្រូវការពង្រឹងស្ថាប័ន និងកសាងរដ្ឋបាលទំនើប ពង្រឹងក្របខណ្ឌច្បាប់ និងទំនួលខុសត្រូវវិជ្ជាជីវៈ អភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ទាមទារឱ្យមានប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងបង្កើនភាពជាដៃគូ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន៕






