តើហេតុអ្វីតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីហក់ឡើងថ្លៃខ្ពស់កប់ពពក នាពេលបច្ចុប្បន្ន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកប្រតិបត្តិនៃធនាគារធំៗ ទាំង៣របស់ប្រទេសអូស្ត្រាលី បានលើកឡើងថា កង្វះខាតលំនៅដ្ឋាន នឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង ដែលរារាំងលទ្ធភាពអ្នកទិញផ្ទះលើកដំបូង និងជនចំណាកស្រុក ដែលមានបំណងមកធ្វើការនៅប្រទេសអូស្ត្រាលី។

តម្លៃផ្ទះបានហក់ឡើងថ្លៃកាន់តែខ្ពស់ បន្ទាប់ពីធនាគារកណ្តាលអូស្ត្រាលី បានអនុវត្តន៍គោលនយោបាយអត្រា ការប្រាក់ទាបបំផុត។ ជាមួយគ្នានេះ ប្រទេសអូស្ត្រាលី ប្រឈមនឹងការធ្លាក់ចុះរយៈពេលវែង នៃចំនួនមនុស្សវ័យក្មេង ដែលទិញផ្ទះ ហើយការណ៍នេះអាចមានន័យថា មនុស្សកាន់តែច្រើន ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនសូវអំណោយផលឡើយ។ថ្លែងនៅក្នុងសន្និសីទស្តីពី ធនាគារនៅទីក្រុងស៊ីដនី ធនាគារ Commonwealth Bank ធនាគារជាតិអូស្ត្រាលី និងធនាគារ Westpac ដែលជាធនាគារលំដាប់កំពូលទាំង៣ របស់ប្រទេសអូស្ត្រាលី បានដាក់ការស្តីបន្ទោសទៅលើ កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងបានជំរុញឱ្យរដ្ឋបាល ក្នុងតំបន់ពន្លឿនការអនុម័តផែនការ។

នៅពេលត្រូវបានសាកសួរអំពីកម្រិតសមរម្យ ឬមិនសមរម្យ នៃតម្លៃលំនៅដ្ឋានក្នុងទីផ្សារពិភពលោក ដោយគិតពីកម្រិតបំណុលធៀបទៅនឹងប្រាក់ចំណូល លោក Matt Comyn នាយកប្រតិបត្តិធនាគារ Commonwealth Bank បានថ្លែងប្រាប់សន្និសីទ AFR Banking Summit ថា “សម្រាប់ក្រុមមនុស្សក្មេងៗ ខ្ញុំគិតថា តម្លៃផ្ទះពិតជាបញ្ហាដ៏ធំមួយសម្រាប់ពួកគេ”។

ទន្ទឹមនឹងនេះ លោក Peter King នាយកប្រតិបត្តិធនាគារ Westpac  បានលើកឡើងថា តម្លៃផ្ទះនឹងកើនឡើង ស្របពេលដែលការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។ ប៉ុន្តែលោកបញ្ជាក់ថា បើគិតតាមទស្សនៈសង្គម តម្លៃផ្ទះនាពេលបច្ចុប្បន្ននេះ គឺពិតជាថ្លៃខ្លាំងណាស់។

ចំណែក លោក Ross McEwan នាយកប្រតិបត្តិធនាគារជាតិអូស្ត្រាលី (NAB)  បានថ្លែងប្រាប់ព្រឹត្តិការណ៍ខាងលើថា “ប្រទេសអូស្ត្រាលី ត្រូវការជនចំណាកស្រុក ប៉ុន្តែយើងត្រូវលុបបំបាត់ឧបសគ្គចេញជាមុនសិន ហើយទាក់ទាញពាណិជ្ជករ ឱ្យចូលមកកាន់ប្រទេសរបស់យើង និងសាងសង់ផ្ទះបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here