ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) បានរៀបកម្មពិធី Appreciation Awards និង Gala Dinner 2024 នៅភោជនីយដ្ឋានទន្លេបាសាក់២។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម និងភ្ញៀវកិត្ដិយសសរុបប្រមាណ៣០០នាក់ មកក្រុមហ៊ុនប្រមាណ១៦០ ក្នុងវិស័យទិញ-លក់អចលនទ្រព្យនៅកម្ពុជា។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធី ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាប្រធានសមាគមCVEAលោកពិតជាមានកិត្តិយសណាស់ ក្នុងការស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកកាន់កម្មវិធី Appreciation Awards និង Gala Dinner នៅថ្ងៃនេះ។
លោកបន្តថា “ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសមាជិករបស់យើងទាំងអស់ ដែលបានបរិច្ចាគពេលវេលា និងធនធានដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការពិត”។ លោកបន្ថែមថា “ការប្ដេជ្ញាចិត្តរបស់លោក លោកស្រីចំពោះ CVEA និងឆន្ទៈក្នុងការឈានទៅមុខ គឺពិតជាគួរឱ្យសរសើរណាស់ និងប្រាកដជាធ្វើឲ្យសមាគមរបស់យើងបន្តរីកចម្រើនទៅមុខ”។
លោកក៏បានថ្លែងអំណរគុណជាពិសេស ដល់ក្រុមរៀបចំកម្មវិធីដ៏អស្ចារ្យរបស់យើង ដែលដឹកនាំដោយលោកស្រី តាំង ហួរអនុប្រធានសមាគម។ ការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា គឺជាសក្ខីភាពបញ្ជាក់ពីឧត្តមភាព។
ប្រធានសមាគមរូបនេះថ្លែងបន្ដថា ការជ្រើសរើសរៀបចំកម្មវិធី Appreciation Awards និង Gala Dinner ក្នុងអំឡុងពេលដ៏លំបាកបែបនេះ គឺដើម្បីបង្ហាញពីការដឹងគុណ ចំពោះសមាជិកទាំងអស់របស់សមាគម។ ក្នុងគ្រាមិនប្រាកដប្រជា និងការលំបាក វាជារឿងសំខាន់ជាងពេលណាទាំងអស់ ក្នុងការរួបរួមគ្នាជាសហគមន៍ គាំទ្រគ្នាទៅវិញទៅមក និងអបអរសាទរ ចំពោះជោគជ័យរបស់យើង មិនថាធំឬតូចក៏ដោយ។
លោកបញ្ជាក់ថា “ភាពធន់ កម្លាំងចិត្ត និងការលះបង់របស់លោកលោកស្រី គឺជាការបំផុសគំនិតដល់យើងទាំងអស់គ្នា ហើយដោយសារតែសាមគ្គីភាព និងមិត្តភាព ដែលធ្វើអោយយើងអាចជម្នះរាល់ឧបសគ្គដែលកើតមាន”។
ជាមួយគ្នានេះ លោកស្រី តាំង ហួរ អនុប្រធានសមាគម និងជាអ្នករៀបចំកម្មវិធីខាងលើបានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលសមាគម CVEA បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជូនដល់សមាជិកដ៏ធំបែបនេះ ហើយពានរង្វាន់នេះ គឺផ្ដល់ជូនក្រុមហ៊ុនដែលជាសមាជិកទាំងអស់ ដែលមានសរុបប្រមាណ១៦០ ក្រុមហ៊ុន។
លោកស្រីបន្ដថា “នេះក៏ជាលើកដំបូងផងដែរ ដែលសមាគមបានរៀបពិធីជួបជុំគ្នាដ៏អធិកអធមបែបនេះ ក្រោយខកខានរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីវិបត្ដិកូវីដ១៩មក”។ លោកស្រីបន្តថា “ក្រៅពីការផ្ដល់ពានរង្វាន់ កម្មវិធីនេះធ្វើឡើង គឺដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែស្អិតរមួតថែមទៀត ដល់សមាជិកទាំងអស់នៅក្នុងសមាគម”៕