ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែទេសចរណ៍មួយ តាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការចូលចតរបស់នាវាទេសចរណ៍។
គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះ បានចុះពិនិត្យ និងវាយតម្លៃទីតាំងច្រាំងទន្លេក្នុងក្រុងកំពង់ចាម សម្រាប់ការសាងសង់កំពង់ផែទេសចរណ៍។
-->
អ្នកនាំពាក្យក្រសួង លោក ផន រឹម បានមានប្រសាសន៍នៅចុងសប្តាហ៍មុនថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាមមានកំពង់ផែស្តង់ដារ សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទស្សនារមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តបាន។
លោកបានមានប្រសាសន៍ថា “កំពង់ផែបច្ចុប្បន្នដែលនាវាទេសចរណ៍ចូលចត មិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលនាំឱ្យមានតម្រូវការសម្រាប់កំពង់ផែស្តង់ដារមួយ ដែលមានសុវត្ថិភាព និងសោភ័ណភាពសមរម្យ សម្រាប់នាវាទេសចរណ៍អន្តរជាតិចូលសំចត”។ លោកបានឱ្យដឹងទៀតថា លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃបានបង្ហាញថា ស្ថានភាពទីតាំងដែលបានជ្រើសរើសគឺអំណោយផល ដោយមានផ្ទៃដីធំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដូចជាបន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់ទឹក និងកន្លែងផ្សេងៗទៀត។
ក្រុមការងារបច្ចេកទេស នឹងបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀតអំពីស្ថានភាពបច្ចេកទេសលំហូរនៃផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គដែលអាចកើតមានលើផ្លូវនាវាចរ៕