រថយន្តJeepចាស់ៗបានក្លាយជាផលិតផលទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប

0

        ដោយៈ ជេស៊ីកា

        សៀមរាបៈ រថយន្ត​សេរី​ចាស់Jeep ដែលនៅ​សេសសល់​ពី​សម័យ​ស​ង្គ្រា​ម សល់​តាំងពី​ប្រមាណ​៧០​ ទៅ​៨០​ឆ្នាំមុន ត្រូវបានប្រតិបត្តិ​ករ​ ទេសចរណ៍​មួយចំនួន​ប្រមូល​បំណែក ទ្រង់​ទ្រា​យមក​ផ្គុំ ​រៀបចំ​ជួសជុល​ឱ្យ​ដំណើរការ​ឡើងវិញ សម្រាប់​បម្រើសេវា​កម្ម​ដឹក​ភ្ញៀវទេសចរ ​ដើរលេង​កម្សាន្ត​នៅ​តំបន់​អង្គរ​។​

ការកម្សាន្ត​អារម្មណ៍​តាមរយៈ​ការ​ជិះ​រថយន្ត Jeep បុរាណ នៅ​តំបន់​អង្គរ​នេះ មិន​ត្រឹមតែ​ផ្តល់​ភាព​រីករាយ ​ស្រស់ស្រាយ​បែប​ផ្សងព្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួម​ ដល់​ដំណើរការ​សេដ្ឋកិច្ច​សហគមន៍​ផងដែរ ព្រោះ​វា​បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​មានការ​ងារ​ធ្វើ និង​អាច​ប្រកបរបរ​ចិញ្ចឹមជីវិត​បាន​។​

ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ស​លម្អ ​ដោយ​រូប​ផ្កា​ផ្សេងៗ អ្នកស្រី លឹម កញ្ញា អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ Cambodiajeep.com ដែល​បាន​បើករថយន្ត​ដឹក​អ្នក​សារព័ត៌មាន ​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់​ កាលពីពេលថ្មីៗនេះ បាន​និយាយថា Cambodiajeep.com បាន​ដំណើរ​ការដឹក​ភ្ញៀវទេសចរ​ដំបូង​នៅ ឆ្នាំ​២០១១ ផ្តើមចេញពី​រថយន្ត Jeep មួយគ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​ភាព​ទាក់ទាញ ​និង​មានការ​​គាំទ្រ​ពី​ភ្ញៀវ​ក្នុង​រយៈពេល​ជិត១០​ឆ្នាំ ក្រុមហ៊ុន​បាន​បង្កើន​រថ​យន្ត​រហូតដល់ ​១៤គ្រឿង​។​រថយន្ត​ទាំងនោះ​ បានមកពី​ការ​សន្សំ​ប្រមូល​ទ្រង់ទ្រាយ​ ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​រួមទាំង​ពី​ប្រទេសជិតខាង​ផង​។អ្នកស្រី​បានបង្ហើបឲ្យដឹងថា ​ឡាន​ហ្នឹង​ដែរ​គឺ​យើង​ប្រមូល​តាំងពី​ខេត្តកំពត ខេត្តតាកែវ និយាយ​ទៅយក​ពី​កន្លែង​ណា ​ដែល​គេ​សល់​ពី​សង្គ្រាម​គេ​មាន​ហើយ គេ​ដាក់​ចោល អ្នកខ្លះ​ដាក់​បង្គន់​ពីលើ​ដាំ​ផ្កា ដាំ​ជី ដាំ​ខ្ទឹម​យើង​ប្រមូល​ទាំងអស់​​។​

អ្នកស្រីលឹម កញ្ញាបានឲ្យដឹងថា តាមរយៈ​ដំណើរ​កម្សាន្ត ដោយ​ជិះ​រថយន្ត​ Jeep​ នេះ ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាចធ្វើ​ការងារ ឬ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ក៏ដូចជា​ម្ហូបអាហារ​ដ៏​សម្បូរបែប ​ឆ្លើយតប​តម្រូវការ​ទេសច​រ​។ រីឯ​ភ្ញៀវទេសចរ​វិញ​អាច​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់ ​ដែលជា​ភូមិ​មួយ​រក្សាបាន​ភាពស្រស់​ស្អាត អនាម័យ​និង​បរិស្ថាន​ល្អ ព្រមទាំង​ជា​ភូមិ​រក្សាបាន​នូវ​វប្បធម៌ អរិយធម៌​និង​ការរស់នៅ​តាមបែប​បុរាណ​។​

ក្រៅពីនេះ​ភ្ញៀវទេសចរ​ ក៏​អាច​ទស្សនា​តាមផ្លូវ​វង់​តូច ​និង​វង់​ធំ​នៃ​តំបន់​អង្គរ និង​ផ្លូវ off road ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ ជាពិសេស​សេវា​ដឹកជញ្ជូន​ដោយ​រថយន្ត Jeep នេះ ក៏​អាច​ធ្វើដំណើរ​ទូទាំងប្រទេស និង​អាស៊ាន​ទៀតផង​។​

អ្នកស្រី​ថ្លែងថា​ “​ខ្ញុំ​ចង់ឱ្យ​ភ្ញៀវ​ទៅ​មើល​ពើង​គំនូរ ខ្ញុំ​អត់​ដឹងថា អ្នកខ្លះ​គាត់​បាន​មើល​ប៉ុន្មាន​ទេ​ អា​រូប​ពើង​គំនូរ​ហ្នឹង​សុទ្ធតែ​រូប​ដែល​ប្លែក ខ្ញុំ​ទៅ​ឃើញ​ស្អាត ទៅ​ម្តង​ហើយ​ចង់​ទៅទៀត ព្រោះ​វា​ប្លែក វា​នៅ​ផ្លូវ​ទៅ​ភ្នំ​គូលែន”។ អ្នកស្រីបន្ថែមថា “ប៉ុន្តែ​មិនមែន rout ភ្នំ​គូលែន​ទេ លក្ខណៈ​ថា យើង​ជិះ​ចូល​តាម​ក្នុងព្រៃ​ឫស្សី​ផង​អី​ផង កាច់​ចុះ​កាច់​ឡើង​វា​មាន​កន្លែង​ប្លែក​ច្រើន​”។​

បុរស​វ័យ​ប្រមាណ​៥០​ឆ្នាំ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ខេត្តសៀមរាប លោក យល់ សា បានឱ្យដឹងថា ប្រជា​សហគមន៍​ដែល​ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ អាច​រកចំណូលបាន​ពី​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ ដែល​ធ្វើឡើង​ដោយ​ដៃ ​ព្រមទាំង​ម្ហូប​​អាហារ​ជាច្រើន​មុខ​នៅតាម​ផ្លូវ​ក្នុងភូមិ​។ មិនតែប៉ុណ្ណោះ ការមកដល់​នៃ​ភ្ញៀវទេសចរ​ដែល​ជិះ​តាម​រថយន្ត​ Jeep បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​ រកប្រាក់​ចំណូល​បាន ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន កាន់តែ​ងាយស្រួល​ថែមទៀត​តាមរយៈ​ការលក់​ជា​កញ្ចប់​ជាមួយ​ដំណើរ​កម្សាន្ត​រថយន្ត Jeep​។​

លោក​បាន​និយាយថា “​យើង​លក់​ជា​កញ្ចប់ ឧទាហរណ៍​ថា ពលរដ្ឋ​គាត់​ចេះ​ធ្វើ​នំគ្រក់ ហើយ​ក្នុង​ម៉ៃ្ង​គាត់​លក់បាន​ច្រើន​បំផុត​ប៉ុន្មាន យើង​ម៉ៅ​ឱ្យ​គាត់​ប៉ុណ្ណឹង​តែម្តង គាត់​អត់​ពិបាក​ចំណាយពេល​លក់​ទេ ហើយ​ប្រសិនបើ​គាត់​ចាក់​នំ​អត់​អស់ អាច​យកទៅ​វិញ​ចាក់​លក់​បន្តបាន​ចំណេញ​ថែមទៀត​”។​ថត CCJ

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​រូបនេះ​បានឱ្យដឹង​ទៀតថា តាមរយៈ​ដំណើរ​កម្សាន្ត​ជាមួយ​រថយន្ត Jeep មានការ​រៀបចំ​ទីតាំង​ដី​ភូមិ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ដើម្បី​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​សមិទ្ធផល​ម្ហូបអាហារ​ខ្មែរ ​សម្រាប់​ភ្ញៀវ​ភ្លក្ស​ទទួលទាន ​ដោយផ្ទាល់​ក៏ដូចជា​បង្ហាញ​ពី​ការធ្វើ​វត្ថុ​អនុស្សាវរីយ៍​ ដោយ​ដៃ​មួយចំនួនផងដែរ​។​

លោក​ថ្លែងថា​ “​យើង​មាននំ​បង្កប់​ស្ករ ឬ​គេ​ហៅថា​នំផ្លែអាយ ដូចជា មានការ​ចាក់ស្មុគ​ធ្វើ​រូប​ចាប​ តាម​លក្ខណៈ​ប្រពៃណី​បរម​បុរាណ ដែល​យើង​ធ្វើ​ពី​ធាងត្នោត​ព្រហ្ម​ចារី ហើយ​ក្រៅពីនេះ​យើង​មានការ​បង្ហាញ​ពី​ការធ្វើ​នំក្រឡាន​ផងដែរ​”។

បើតាម​លោក យល់ សា ក្រៅពី​មាន​កន្លែង​បង្ហាញ​ពីមុខ​របរការ​ងា​ររ​បស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ហើយ ភ្ញៀវទេសចរ​ក៏​អាចធ្វើ​ដំណើរ​ទៅតាម​ទីតាំង​ជាក់ស្តែង​ ដើម្បី​មើល​ការផលិត​ផ្ទាល់​ភ្នែក​តែម្តង​។ រីឯ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ ​សូម្បី​មានតែ​រទេះគោ រទេះក្របី ក៏​អា​ចរក​ចំណូល​ពី​ភ្ញៀវទេសចរ​បានដែរ គឺ​ប​រទេះដឹក​ភ្ញៀវទេសចរ​កម្សាន្ត​តាម​ភូមិ​។​

ចំណែកអ្នកស្រី លី អា​គីម អាយុ​៤៨ឆ្នាំ ជា​ស្ថាបនិក​ក្រុមហ៊ុន adventurescambodia.com បាន​លើកឡើងថា ភ្ញៀវទេសចរ​ដែល​បាន​ប្រើប្រាស់​ កញ្ចប់​សេវា​កម្ម​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត ​ដោយ​រថយ  ន្ ត​Jeep បានបង្ហាញ​អារម្មណ៍​ពេញចិត្ត និង​សប្បាយរីករាយ ជាពិសេស​គឺ​ភ្ញៀវ​អន្តរ​​ជាតិ មានការ​កក់​កញ្ចប់​ទេស​ចរណ៍​បន្ថែម​រហូត​។

អ្នកស្រីបន្ត​ថា “ការពេញចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ ​ដោយ​សារ adventurescambodia មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ក្នុងការ​ថែរក្សា​ភ្ញៀវ ហេតុនេះ​ភ្ញៀវ​មិនដែល​សាញ​នឹង​តម្លៃ​ឡើយ”​។  អ្នកស្រីបន្ថែមថា “សេវា​របស់​យើង​មាន​តៃកុង​មាន​កញ្ចប់ មាន​ម្ហូប រៀបចំ​ឱ្យ​គាត់​ហើយ​ស្រេច​ហើយ អ៊ីចឹងកន្លែង​ដែល​យើង​នាំ​គាត់​ទៅ ​សុទ្ធតែ​កន្លែង ដែល​យើង​គិតថា វា​ល្អ អ៊ីចឹង​ពេលដែល​ដើរ​ហើយ​គាត់​ថា គឺ​កញ្ចប់ tour ហ្នឹង​ល្អ​ខ្លាំង អ៊ីចឹង​ពេលដែល​ដើរ ហើយ​គាត់​ប្រាប់​ទៅ​មិត្តភក្តិ​បងប្អូន​”។​

អ្នកស្រីលី អាគីមបាន​ប្រាប់ថា ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ប្រើប្រាស់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ តាម​រថយន្ត Jeep នេះប្រហែល៩០ ​ភាគរយ​គឺជា​ជនបរទេស​ ដែល​មកពី​អឺរ៉ុប គឺ​អូស្ត្រាលី អាមេរិក កាណាដា និង​បារាំង​ជាដើម​។ ក្រៅពីនោះ​នៅ​ប៉ែក​អាស៊ី ​មាន​ប្រមាណ ​១០ភាគរយ​បូក​រួមទាំង​កម្ពុជា​ផង​។

រីឯស្ត្រី​វ័យ​ជិត ​៥០ ​ឆ្នាំ អ្នកស្រី ណឹ​ម ណារិន ជា​អ្នកលក់​ផ្កា​​សម្បុក​ដង្កូវនាង ​នៅក្នុង​ភូមិ​ព្រះ​ដាក់ បាន​លើកឡើងថា​ ​ការនាំ​ភ្ញៀវទេសចរ​ចូលមក​មើល​កម្សាន្ត ​នៅក្នុង​ភូមិ​ព្រះ​ដាក់ គឺជា​ការផ្តល់​កម្លាំងចិត្ត​មួយផ្នែក ​សម្រាប់​ប្រជាពលរដ្ឋ​ ដែលជា​អ្នក​ប្រកប​របរ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ព្រោះ​នោះ​ជា​ឱកាស​បង្ហាញ​ភ្ញៀវទេសចរណ៍ ​ឱ្យបាន​ឃើញ បានដឹងថា​មាន​អ្វីខ្លះ​ជា​ភាព​ទាក់ទាញ​។​

អ្នកស្រី​បាន​និយាយថា​ “​ភ្ញៀវ​គាត់​ចូលមក គាត់​ឱ្យ​តម្លៃ និង​សរសើ​រ​ថា ភូមិ​នេះ​គឺជា​ភូមិ​វប្បធម៌​មួយ ដែល​រក្សា​របស់​ខ្មែរ​យើង​បាន ដូចជា ការធ្វើ​របស់​ប្រើប្រាស់​ពី​ឫស្សី ពី​ត្នោត និង​រពាក់ ហើយ​ជាពិសេស​មានតែ​កន្លែង​ខ្ញុំ​ទេ បាន​ច្នៃ​សំពត់​ដង្កូវនាង”។​អ្នកស្រីបន្តថា “​ខ្ញុំ​ចិញ្ចឹម​នៅទីនេះ​ផ្ទាល់ វា​ស៊ី​ស្លឹក​មន​តែ​១​មុខ​គត់ ដូច្នេះ​ខ្ញុំ​ច្នៃ​ជា​ផ្កា​ដែល​ទុក​លម្អ​ក្នុងផ្ទះ​ជា​របស់​កម្រ ​ហើយ​ជា​របស់​នាំ​លាភ​សំណាង”​។​

 

លោក​ លី ហុង អាយុ ​២៨ ​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត Jeep បាន​និយាយថា ការបើក​រថយន្ត​ Jeep ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​តំបន់​អង្គរ​ជួយ​ឱ្យ​លោក​ អាច​រក​ចំ​ណូ​ល​ប្រចាំថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ​ក្នុង​មួយថ្ងៃ​លោក​អាច​រកប្រាក់​បាន​១៦​ដុល្លារ​ ពី​ការបើកបរ​រថយន្ត​និង​ម៉ូតូ​វេស្ប៉ា ដឹក​ភ្ញៀវ​កម្សាន្ត​តំបន់​អង្គរ​។​

លោក​ប្រាប់ថា​ “ខ្ញុំ​ធ្វើជា​បុគ្គលិក​បើកឡាន Jeep ហ្នឹង​ផង ហើយ​និង​ខាង​ម៉ូតូ​វ៉េ​ស្បា​ផង ហើយ​មាន​កង់​ជួល​ផង​”។លោកបន្តថា “​ចំណូ​ល​ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ ប្រសិនបើ​បើកឡាន​អាហ្នឹង​គេ​គិត​ជើង ​១ ​ជើង​ក្នុង​កម្រៃ​១០​ដុល្លារ ហើយ​បើ​ថា ម៉ូតូ​វិញ​គឺ​១ជើង៦​ដុល្លារ អាហ្នឹង​យើង​អត់​ស៊ីប្រាក់ខែ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here