ដោយៈគង់ សូរិយា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ)រហូតមកទល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិចំនួន១១៤ មកបោះទុនវិនិយោគនៅមូលដ្ឋានេះ។
បង្កើតឡើងនៅឆ្នាំ២០១៦ តំបន់សេដ្ឋកិច្ចពិសេសដ៏ធំនេះបានអភិវឌ្ឍន៍ និងបានផ្លាស់ប្តូរមុខមាត់ថ្មី នៃទឹកដីធ្លាប់តែជាវាលស្រែមានសកម្មភាពការងារតិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាលចំនួន២៩ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង៤៣,០០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដោយការនាំចេញសរុប ក្នុងខែមករា និងខែកុម្ភៈ មានតម្លៃ២៦៤លានដុល្លារអាមេរិក ខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចនេះ បានសម្តែងសុទិដ្ឋិនិយមថា ការនាំចេញក្នុងឆ្នាំ២០២៤នេះ អាចនឹងបំបែកកំណត់ត្រាម្តងទៀត ដោយការនាំចេញសរុបបានប្រមាណ២០០០ លានដុល្លារអាមេរិក។
ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ នៅជុំវិញរាជធានីភ្នំពេញ ប្រភពបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនក៏កំពុងដំណើរការស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬRoyal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដី ទំហំប្រមាណ១២០ហិកតាបន្ថែមទៀតផងដែរ៕