ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ពពកខ្មៅ នៅតែបាំងពន្លឺព្រះអាទិត្យ ដូចគ្នានឹងវិស័យអចលនទ្រព្យកម្ពុជា នៅតែស្ថិតក្នុងមានសភាពមិនច្បាស់លាស់ ស្រ បពេលចំនួនអ្នកលក់បន្តកើនឡើងខ្ពស់។
អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១ មេសាថា និយាយជារួម ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ដូចជាមិនយូរទេ និងមិនមានអ្វីប្រែប្រួលច្រើនឡើយ ដោយសារគម្លាតពេលវេលាមិនមានរយៈពេលវែង ដែលតាមធម្មតាការងើបឡើងវិញរបស់វិស័យនេះ ទាមទារពេលវេលាសមស្របមួយ។លោកបញ្ជាក់ថា “ទោះជាយ៉ាងណាការទិញ លក់ លើដីទំហំតូចៗ ដែលមានតម្លៃចន្លោះ៧ម៉ឺន ទៅ២០ម៉ឺនដុល្លារ មានសកម្មភាពទិញ លក់តិចតួច”។ លោកបន្តថា “អចលនទ្រព្យដែលលក់ចេញបាន ភាគច្រើន ជាអចលនទ្រព្យល្អ ដែលមានតម្លៃក្រោមទីផ្សារ”។
ទោះជាយ៉ាងណា លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលធី បានសម្តែងសុទិដ្ឋិនិយមជាងនេះ ប៉ុន្តែលោកបានសង្កេតឃើញចំនួនអចលនទ្រព្យ ដែលបានដាក់លក់លើទីផ្សារបានកើនឡើង ធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ។លោកបន្តថា “ស្ថានភាពទីផ្សារ មានសភាពត្រដំត្រសងនឹងចុងឆ្នាំមុន ប៉ុន្តែចំនួនអ្នកលក់បានកើនឡើង ដែលធ្វើឲ្យតម្លៃបន្តធ្លាក់ចុះ”។ លោកបន្តថា “នៅពេលទីផ្សារមានការដាក់លក់ច្រើន ប្រាកដណាស់ អ្នកទិញនឹងមានជម្រើសច្រើន ពួកគេនឹងសង្កត់តម្លៃឲ្យធ្លាក់ចុះបន្តទៀត”។
ចំណែកលោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR- Investment បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ មានអ្នកវិនិយោគបរទេស បានមកកាន់កម្ពុជាច្រើន ប៉ុន្តែពួកគេផ្តោតលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ឋច្រើន តាមរយៈប្រទេសដែលជាសម្ព័ន្ឋមិត្តររបស់កម្ពុជា។លោកបន្តថា “វិស័យអចលនទ្រព្យ នៅមានសភាពប្រទាញប្រទង់ច្រើន ដោយសារមានបញ្ហាបោកប្រាស់ ការប្រើប្រាស់ប្រព័ន្ឋផនស្ស៊ីស្គីម ក្នុងវិស័យនេះជាដើម”។ លោកបន្តថា “នៅរាជធានីភ្នំពេញ គំរោងមួយចំនួននៅដំណើរការ ប៉ុន្តែនៅតាមបណ្តាខេត្ត គំរោងដីឡូត៍ស្ថិតក្នុងសភាពទ្រឹងនៅឡើយ ដោយសារលំហូរFDIនៅមានកម្រិតបើទោះរដ្ឋាភិបាលបានខិតខំយ៉ាងណាក្តី”៕