ដោយៈ ជេស៊ីកា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ពិភាក្សានិងស្វែងរកឱកាសវិនិយោគ ពីអ្នកធុរកិច្ចជប៉ុន។
ក្នុងជំនួបកាលពីថ្ងៃទី២ មេសា លោកអភិបាលក្រុង Asakuchi បានគោរពណែនាំផលិតផលសក្តានុពលសំខាន់ៗ រួមមាន ស្រា មី និងវិស័យនេសាទសមុទ្រ(អយស្ទ័រ) នៃទីក្រុង Asakuchi ខេត្ត Okayama ប្រទេសជប៉ុន ក្នុងគោលបំណងទទួលអនុសាសន៍ណែនាំពី លោកជំទាវរដ្ឋមន្រ្តី ពិនិត្យពីផលិតផលសក្តានុពល ពីទីក្រុង Asakuchi រួមទាំងពិភាក្សាពាក់ព័ន្ធ នឹងការផ្ទេរបច្ចេកវិទ្យាមកកាន់កម្ពុជា សម្រាប់ធ្វើការកែច្នៃផលិតក្នុងស្រុក ប្រកបដោយគុណភាព និងមានស្តង់ដារខ្ពស់ដូចប្រទេសជប៉ុន។
ជាមួយគ្នានេះ លោក Kazunori KATO អនុប្រធានសមាគមសមាគមជប៉ុន-កម្ពុជា ក៏បានគោរពណែនាំសមាសភាពក្រុមហ៊ុនជប៉ុន ដែលកំពុងបណ្តាក់ទុន និងមានបំណងចង់បណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការ និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញ កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុង ដែលផលិតចេញពីអង្ករ។
លោកជំទាវរដ្ឋមន្ត្រីក៏បានស្នើ លោកអភិបាលក្រុង Asakuchi លើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញ ទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក៕