ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន បានដំណើរការរោងចក្រដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញនៃក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងការបើកសម្ភោធជាផ្លូវការដំណើរការនៃក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd. ដែលជាវិនិយោគិន ពីប្រទេសបារាំងដំបូងគេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែលចាប់បង្កើតឡើងក្នុងឆ្នាំ២០០៦ មក បានអភិវឌ្ឍផ្លាស់ប្ដូរមុខមាត់ពីតំបន់ ដែលធ្លាប់តែជាវាលស្រែ ហើយមានសកម្មភាពការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ។
បច្ចុប្បន្នមានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការរោងចក្រផ្តល់ឱកាសការងារ ដល់ប្រជាជនខ្មែរ៤៣,០០០ នាក់។







