ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកតូច ចាន់កុសល បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងស្តីពី ការស្ទង់មតិប្រមូលទិន្នន័យផ្លូវ និងស្ពាន នៅច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង JICA តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
-->
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូល និងវិភាគទិន្នន័យ សម្រាប់ការកែលម្អផ្លូវជាតិលេខ១ និងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការតភ្ជាប់បណ្តាញផ្លូវថ្នល់ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបែប។
លោកតូច ចាន់កុសល បានស្នើសុំកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការសិក្សានេះប្រព្រឹត្តទៅដោយរលូន ព្រមទាំងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និង JICA ដែលបានបន្តខិតខំប្រឹងប្រែងជួយ ដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕
