ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន CNN បានចុះផ្សាយថា ការសាងសង់ផ្ទះថ្មី នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងកាលពីខែកុម្ភៈកន្លងទៅ ខណៈដែលក្រុមហ៊ុនសំណង់រំពឹងថា តម្រូវការផ្ទះថ្មីនឹងនៅតែបន្តមានភាពរឹងមាំ។
កំណើននៃការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងជួបប្រទះកង្វះលំនៅដ្ឋាន និងវិបត្តិ ដែលតម្លៃផ្ទះហក់ឡើងខ្ពស់កប់ពពក។
ជាមួយគ្នានេះ ការបង្កើនការសាងសង់អាផាតម៉ិន សម្រាប់ជួល និងការផ្គត់ផ្គង់ផ្ទះសម្រាប់ទិញ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការធ្វើឱ្យតម្លៃផ្ទះ មានកម្រិតសមរម្យឡើងវិញ សម្រាប់ប្រជាជនអាមេរិក។
ជាក់ស្តែង នៅក្នុងតំបន់មួយចំនួន ដែលមានការសាងសង់ផ្ទះជាច្រើន គេសង្កេតឃើញថា ថ្លៃជួល និងតម្លៃផ្ទះ នៅទីនោះ មានការកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
យោងតាមទិន្នន័យ ដែលបានចេញផ្សាយ ដោយការិយាល័យជំរឿន និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុង បង្ហាញថា ការចាប់ផ្តើមសាងសង់លំនៅដ្ឋានថ្មី បានកើនឡើង១០,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងខែមករាកន្លងទៅ។
ការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើនឡើងដល់អត្រាប្រចាំឆ្នាំចំនួន១,៥២១លានយូនីត កាលពីខែកុម្ភៈ បើធៀបនឹងការព្យាករណ៍ចំនួន១,៤២៥លានយូនីត។ ចំណែក កាលពីខែមករា ការសាងសង់ផ្ទះមានចំនួន១,៣៧៤លានយូនីត។
ដោយសារតែចំនួនផ្ទះ ដែលត្រូវបានដាក់លក់ស្រាប់ នៅលើទីផ្សារ នៅតែមានកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដូច្នេះ កំណើននៃការសាងសង់ថ្មី បានផ្តល់នូវជម្រើសបន្ថែមទៀត សម្រាប់អ្នកទិញផ្ទះ និងនាំឱ្យតម្លៃផ្ទះមិនហក់ឡើងខ្ពស់ពេកផងដែរ។
ជាមួយគ្នានេះ ការដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ ដែលទើបសាងសង់ថ្មីបានកើនឡើង១៥,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន និងកើនឡើង១% បើធៀបនឹងខែមករា។ នេះបើយោងតាមរបាយការណ៍ពីសមាគម Mortgage Bankers Association ៕ប្រភព:CNN៕






