ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន២,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង៦៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងចំណោមគម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន១០៦គម្រោង គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ កើនឡើងយ៉ាងគំហុក បើធៀបនឹងគម្រោងត្រឹមតែ៣៩គម្រោងដែលត្រូវបានអនុម័ត ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបង្កើតការងារបានប្រមាណ១០៧.០០០កន្លែង។
-->
គម្រោងវិនិយោគថ្មីទាំងនោះ ផ្តោតជាចម្បងទៅលើវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យវារីអគ្គិសនី វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យទេសចរណ៍។
យោងតាមរបាយការណ៍របស់ CDC បានឱ្យដឹងថា វិនិយោគិនបរទេសកំពូលទាំង៥ ដែលបានបណ្តាក់ទុនច្រើនជាងគេ នៅកម្ពុជា មានប្រភពមកពីប្រទេសចិន សិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយបន្ថែមថា ការវិនិយោគពីប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៧៧៧លានដុល្លារ ឬស្មើនឹង៣៥ភាគរយនៃការវិនិយោគសរុប។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញលំហូរ វិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជា។
លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ទាំងកិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងCCFTA គឺជាមេដែកស្រូបទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា”។
មន្ត្រីជាន់ខ្ពស់រូបនេះដដែលបានបន្តថា “លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសមកពីប្រទេសចិន គឺជាកត្តាសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”។
មន្ត្រីរូបនេះបានគូសបញ្ជាក់បន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីនឹងនាំមកនូវដើមទុនថ្មី បច្ចេកវិទ្យា និងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា៕ប្រភព:Xinhua៕
