ដោយ: គង់ លាងហួរ
ហ្សាការតា: អាជ្ញាធរទីក្រុងដែនកោះ Batam នៃខេត្តRiau Islands របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបើកប្រតិបត្តិការដឹកជញ្ជូនទំនិញដោយផ្ទាល់ពីកំពង់ផែ Batuampar ទៅកាន់ខេត្ត Guangzhou និងខេត្តShenzhenរបស់ប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២។
សេវាកម្មដឹកជញ្ជូនដោយផ្ទាល់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយសហគ្រាសរដ្ឋ Persero Batam និងទីភ្នាក់ងារសម្បទាន Batam សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន SITC International Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
-->
លោក Arham S. Torik នាយកសហគ្រាស Persero Batam បានលើកឡើងថា ការដឹកជញ្ជូននេះ បានប្រើប្រាស់កប៉ាល់ MV SITC Hakata ដែលមានសមត្ថភាពផ្ទុកចំនួន១.០០០ TEUs ខណៈកប៉ាល់ នឹងត្រូវចេញដំណើរជាប្រចាំរៀងរាល់ថ្ងៃអាទិត្យ។
លោក Torik បានបន្តថា “ក្រុមហ៊ុន SITC នឹងបើកដំណើរការកប៉ាល់ចំនួន៣គ្រឿង ដើម្បីធានាបាននូវការដឹកជញ្ជូន ប្រកបដោយភាពរលូន ។ នៅក្នុងការដឹកជញ្ជូនលើកដំបូងនេះ ពីទីក្រុងដែនកោះ Batam ទៅកាន់ប្រទេសចិន យើងនឹងដឹកជញ្ជូនទំនិញចំនួន១០០កុងតឺន័រ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Eco Green”។
លោកបានបន្ថែមថា ក្រុមហ៊ុននាំចេញចំនួន៥ បានចូលរួមក្នុងផ្លូវដឹកជញ្ជូនដោយផ្ទាល់នេះរួចមកហើយ ដោយលោកសង្ឃឹមថា នឹងមានក្រុមហ៊ុនជាច្រើនទៀតចូលរួម។
លោកបានបញ្ជាក់ថា “ការដឹកជញ្ជូនដោយផ្ទាល់នេះ អាចកាត់បន្ថយថ្លៃដឹកជញ្ជូន ចំនួន៦០០ដុល្លារអាមេរិក បើប្រៀបធៀបនឹងការដឹកជញ្ជូនដោយឆ្លងកាត់ប្រទេសសិង្ហបុរី”។
ជាមួយគ្នានេះ លោក Muhammad Rudi អភិបាលក្រុង Batam ក៏បានកោតសរសើរ ចំពោះប្រតិបត្តិការនៃការដឹកជញ្ជូន ដោយផ្ទាល់ពីទីក្រុង Batam ទៅកាន់ប្រទេសចិន។
លោក Rudi បានបន្ថែមថា “នាពេលអនាគត យើងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នៅទីក្រុង Batam អាចទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូន ដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ឥឡូវនេះ យើងបង្កើតបានផ្លូវដឹកជញ្ជូនដោយផ្ទាល់ហើយ”៕