ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិក បានរងផលប៉ះពាល់យ៉ាងខ្លាំង ស្របពេលដែលនិន្នាការបានផ្លាស់ប្តូរ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបុគ្គលិកជាច្រើនបានស៊ាំ ទៅនឹងការបំពេញការងារពីផ្ទះ។
និន្នាការថ្មីនេះ បាននាំឱ្យអត្រាការិយាល័យ ដែលគេទុកទំនេរចោល នៅក្នុងសហរដ្ឋអាមេរិកកំពុងកើនឡើង ហើយសកម្មភាពជួលធ្លាក់ចុះ។
ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមទីផ្សារការិយាល័យ ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។
លើសពីនេះទៀត សូម្បីតែទីផ្សារការិយាល័យ នៅទីក្រុងញូវយ៉ក ក៏កំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំគ្មានអ្នកជួលផងដែរ។ ជាលទ្ធផល ម្ចាស់អគារត្រូវបង្ខំចិត្តដាក់លក់ការិយាល័យ ក្នុងការបញ្ចុះតម្លៃយ៉ាងច្រើនមិនធ្លាប់មាន។យោងតាមសារបង្ហោះនៅលើបណ្តាញសង្គមX សហគ្រិនអចលនទ្រព្យម្នាក់ជាបុរស ដែលមានគណនីឈ្មោះ Triple Net Investor បានសរសេរថា អគារការិយាល័យមួយកន្លែង នៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់លក់បញ្ចុះតម្លៃចំនួន៧៥ភាគរយ។
បុរសរូបនោះបានសរសេរបន្ថែមថា “នៅពេលនេះ អគារដែលមានទំហំ១៧៥.០០០ហ្វីតការ៉េ ស្ថិតនៅលើផ្លូវ1101 Vermont Avenue ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ១៦លានដុល្លារប៉ុណ្ណោះ”។
លោកបានរំលឹកថា ដើមឡើយអគារនេះ ត្រូវបានប្រកាសលក់ក្នុងតម្លៃ៦០លានដុល្លារក្នុងឆ្នាំ២០០៦ ខណៈក្នុងឆ្នាំ២០១៨ តម្លៃអគារត្រូវបានដំឡើងដល់៧២លានដុល្លារ។
ចំណែកថ្មីៗនេះ អគារការិយាល័យមួយនៅក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក ក៏ត្រូវបានប្រកាសដាក់លក់ក្នុងការបញ្ចុះតម្លៃចំនួន៧០ភាគរយផងដែរ ដែលការណ៍បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត។
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា អត្រានៃការចុះបញ្ជីការិយាល័យជាមធ្យមរបស់សហរដ្ឋអាមេរិក ស្ថិតនៅត្រឹមតែ៣៧,៨៣ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ១,២%លើមូលដ្ឋានប្រចាំឆ្នាំ៕ប្រភព:NDTV៕