ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានលើកឡើង នូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដែលកំពុងជម្រុញ និងលើកកំពស់សក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេតបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកលោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ សូមស្វាគមន៍គណៈប្រតិភូខេត្តបាក់លីវកាលពីថ្ងៃទី៩ មេសាកន្លងមកនេះ។
លោកអភិបាលរងខេត្ត បានជំរាបជូនពីសក្តានុពលរបស់ខេត្ត មាន៥ ក្រុង ស្រុក ស្មើនឹង២៩ឃុំ សង្កាត់ ស្មើ ១១១ភូមិ ខេត្តមានកោះ៣១ ថ្មប៉ប្រះទឹក៥ និងថ្មដុះ១ មានឆ្នេរ១៧៥គីឡូម៉ែត្រ សម្បុរធនធានធម្មជាតិ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ ដែលជាសក្តានុពលដ៏សម្បុរបែប ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលំហែរ។
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះ នាទិសនារតី។ ខេត្តព្រះសីហនុ ជាច្រកចេញចូលយ៉ាងសំខាន់មានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានទម្លាក់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ និងរូបសំណាកជាច្រើន នៅខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានជំរាបជូនពីសក្តានុពលផ្លូវទឹក ខេត្តមានកំពង់ផែ៣ ក្នុងនោះ កំពង់ផែ កែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា៣ដំណាក់កាល ស្របតាមចក្ខុវិស័យ២០២៩ កំពង់ផែនឹងមានជម្រៅទឹក១៧,៥០ម៉ែត្រ។
លោកម៉ាង ស៊ីណេតបានបន្តថា ខេត្តមានព្រលានយន្តហោះ មានផ្លូវរត់៣៣០០ម៉ែត្រ ប្រភេទ 4E ភ្ជាប់ទៅ កាន់អន្តរជាតិ ផ្លូវគោកមាន ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនទី១ របស់កម្ពុជា និងផ្លូវដែកពុំទាន់បានធ្វើទំនើបកម្ម។
ខេត្តព្រះសីហនុ និងខេត្តបាក់លីវ បានចុះហត្ថលេខាសម្ព័ន្ធមេត្រីភាព នៅឆ្នាំ២០១៤ ធ្វើឱ្យទំនាក់ទងល្អ និងធ្វើការដោះដូរប្រតិភូទៅវិញទៅមក។
លោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ បានជំរាបជូនពីសក្តានុពល ភាពខ្លាំងរបស់ខេត្តបាក់លីវ បានកំណត់ក្នុងការអភិវឌ្ឍនៅពេលខាងមុខ គឺផ្អែកទៅលើសរសរស្តមចំនួន៥ ក្នុងនោះ១.វិស័យកសិកម្ម ដំណាំស្រូវ និងការចិញ្ចឹកបង្គា ២.គឺអភិវឌ្ឍថាមពលកកើតឡើងវិញ និងថាមពលវាយោអគ្គិសនី និងថាមពលព្រះអាទិត្យ ៣.ការអភិវឌ្ឍវិស័យទេសចរណ៍មានភាពខ្លាំង នៃដីសន្តទន្លេមេគង្គ។
៤.ផ្តោតលើសេវាពាណិជ្ជកម្ម អប់រំ សុខាភិបាល ដែលមានគុណភាពខ្ពស់ ៥.អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងសកម្មភាពការពារជាតិ។ ខេត្តបាក់លីវ មានឆ្នេរសមុទ្រ៥៦គីឡូម៉ែត្រ សក្តានុពលក្នុងសមុទ្រសម្បុរបែប ប្រកបដោយស្ថេរភាពនាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។ ហើយទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរមានការយកចិត្តទុកដាក់ ជួយសុខទុកគ្នាទៅវិញទៅមកយ៉ាងពិសេស៕