ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងស៊ិនជិន (Shenzhen)ថ្មី តាមរយៈការទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសមកកាន់ខេត្តជាប់មាត់សមុទ្រនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា មហិច្ឆិតានេះអាចសម្រេចទៅបាន លុះត្រាតែយើងអាចកាត់បន្ថយការចំណាយ ទៅលើការដឹកជញ្ជូន ការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកវិនិយោគ និងពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស។ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ និងអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីការវិនិយោគ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមេសា លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអាទិភាពក្នុងការអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងជាមួយតំបន់ ដូចជាគម្រោងព្រែកជីកហ្វូណន-តេជោជាដើម ដែលនឹងតភ្ជាប់ទន្លេជាមួយសមុទ្រ ដើម្បីសម្រួល និងកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវទឹក។
លោកបានបន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងធ្វើការកែលម្អផ្លូវរថភ្លើងពីរាជភ្នំពេញភ្នំពេញ ទៅកាន់ទីក្រុងប៉ោយប៉ែត ដើម្បីធ្វើយ៉ាងណាឱ្យរថភ្លើងអាចរត់បាន ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសមត្ថភាពផ្ទុកបានប្រហែល២០តោន សម្រាប់កុងតឺន័រនីមួយៗ។
លោកឧបនាយករដ្ឋមន្ត្រីអះអាងថា “ដើម្បីសម្រេចបាននូវមហិច្ឆិតានេះ រាជរដ្ឋាភិបាលត្រូវការកិច្ចសហប្រតិបត្តិការ និងការវិនិយោគមកពីវិស័យឯកជន”។ លោកបន្តថា “ដូច្នេះហើយ រដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកក្នុងខេត្តព្រះសីហនុ ខណៈច្បាប់វិនិយោគនឹងជួយពន្លឿន ដំណើរការនៃប្រតិបត្តិការរបស់ពួកគេ”។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ទៅកាន់អ្នកវិនិយោគអន្តរជាតិថា “ការវិនិយោគនៅកម្ពុជា ពុំមែនត្រឹមតែជាការវិនិយោគជាមួយប្រជាជន ចំនួន១៧លាននាក់នោះទេ។ កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដែលតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទ្វីបអាស៊ី តំបន់អាស៊ាន+៥ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប”។
ចំណែកលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានលើកឡើងថា ដើម្បីទាក់ទាញទុនវិនិយោគចូលមកកាន់ខេត្តព្រះសីហនុ រដ្ឋាភិបាលគួរតែសម្របសម្រួលនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពនីតិវិធីនៃការនាំចេញ ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ទៅជាអ្នកជំនាញកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ នៃឧស្សាហកម្មនាំចេញ និងផលិតកម្ម។លោកបានបន្តថា “កញ្ចប់លើកទឹកចិត្ត ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បង្ហាញសញ្ញាវិជ្ជមានថា កម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ជាលទ្ធផល នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារអាមេរិក៕