ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវវៀតណាម សហការជាមួយសារព័ត៌មានបរទេស ដែលទទួលជំនួយពីអាមេរិក បានរួមគ្នាចុះផ្សាយវាយប្រហារពីគម្រោងរបស់កម្ពុជា គឺ “ព្រែកជីកហ្វូណនតេជោ”។
ព្រែកជីកនេះ ជាគម្រោងដែលគេរំពឹងថា នឹងជួយពង្រឹងឯករាជ្យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ថ្ងៃអនាគត។ ការរួមគ្នារបស់ក្រុមអ្នកស្រាវជ្រាវវៀតណាម និង ព័ត៌មានអាមេរិកនេះ គេចាត់ទុកថា វៀតណាម កំពុងចូលដៃគ្នាជាមួយអាមេរិក ដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។
វាមិនមែនជារឿងថ្មីនោះទេ វៀតណាមចេញមុខប្រឆាំងគម្រោងអភិវឌ្ឍន៍របស់ប្រទេសចិន ដែលសាងសង់នៅក្នុងប្រទេសឡាវ ឬកម្ពុជា។ វៀតណាម ធ្លាប់ប្រឆាំងឡាវលើការកសាងវារីអគ្គីសនី តាមដងទន្លេមេគង្គវិនិយោគដោយចិន ទោះកន្លែងសាងសង់នោះឆ្ងាយពីវៀតណាមប្រមាណ២០០០គីឡូម៉ែត្រក្តី។ ហើយថ្មីៗនេះ វៀតណាមបន្តចេញមុខប្រឆាំង ឬសម្តែងការបារម្ភពីគម្រោង “ព្រែកជីកហ្វូណនតេជោ”របស់កម្ពុជា ហេតុផលការបះពាល់បរិស្ថាន និងវត្តមានកងទ័ពចិន។
ក្តីបារម្ភរបស់វៀតណាម តែងត្រូវបានសហការចុះផ្សាយដោយក្រុមព័ត៌មានបរទេស ដែលទទួលជំនួយពីអាមេរិក ដែលគេដឹងច្បាស់ថា មានចេតនា ដើម្បីប្រឆាំងប្រទេសចិន។ ប៉ុន្តែក្តីបារម្ភរបស់វៀតណាម ហាក់មិនបានគិតពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដែលបានបំផ្លាញចរន្តទឹកទន្លេមេគង្គខ្លាំងជាងគេ។
វៀតណាម ជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ដែលមិនទាន់ទទួលផលវៀតណាម តែងបិទទំនប់កុំអោយទឹកចូលលិចស្រូវ និងដំណាំក្នុងទំនប់ ហើយទឹកដែលមិនអាចហូរចុះទៅសមុទ្រ បង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ ព្រំដែនវៀតណាម និងមានឆ្នាំខ្លះទឹក ជំនន់បានគំរាមកំហែងរាជធានីភ្នំពេញ។
ចំណែក“ព្រែកជីកហ្វូណនតេជោ” គ្មានការផ្លាស់ប្តូចរន្តទឹកបន្តិចណាសោះ ដែលវៀតណាមមិនគួរ ជំទាស់នឹងការជីកព្រែកនេះទេ។
ប្រសិនវៀតណាមជំទាស់ វៀតណាមគួររំលាយចោលទាំងអស់នៅទំនប់ណា ដែលខ្លួនបានជីកដែលទំនប់នោះ បង្កើតនៅការរាំងស្ទះដល់រំហូទឹកជំនន់ចុះទៅសមុទ្រ ដែលបង្កការខូចខាតដល់កម្ពុជា។ដូច្នេះក្នុងនាមជាប្រទេសជិតខាងកម្ពុជា វៀតណាមគួរតែគិតពីផលប្រយោជន៍កម្ពុជា បញ្ចប់នយោបាយចាប់ដៃជាន់ជើង ក្រោមយុទ្ធសាស្ត្រសហការជាមួយអាមេរិក ប្រឆាំងចិនដោយយកកម្ពុជា “ជាទីលានប្រយុទ្ធ៕