វិនិយោគិនចិនប្រមាណ៧០ក្រុមហ៊ុនចូលរួមវេទិកាធុរកិច្ចនៅភ្នំពេញដើម្បីឈ្វេងយល់អំពីឱកាសវិនិយោគនៅកម្ពុជា

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិនប្រមាណ៧០ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម។

កម្មវិធីនេះ ក៏មានការចូលរួមផងដែរពីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។វេទិកាធុរកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិន តំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ប្រារព្វឡើងក្នុងទីក្រុងភ្នំពេញ ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន។

ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតី ផ្ដល់សន្ទរកថា គន្លឹះអំពីសក្ដានុពលកម្ពុជាសម្រាប់ការវិនិយោគ និងបើកឱកាសជូនវិនិយោគិន អាចសាកសួរដោយផ្ទាល់ នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន វេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here