ដោយៈ គង់ សូរិយា
បាងកកៈ រដ្ឋាភិបាលថៃចង់ចូលរួមជាមួយកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាបង្កើតតំបន់ទិដ្ឋាការរួមមួយ ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិអាចស្នើសុំទិដ្ឋាការម្តង ប៉ុន្តែអាចទៅទស្សនាបាន៦ប្រទេស។
គោលនយោបាយទិដ្ឋាការរួមរវាងប្រទេសចំនួន៦ ត្រូវបានប្រដូចទៅនឹងទិដ្ឋាការ Schengen បែបអាស៊ី។ ទិដ្ឋាការ Schengen អនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្លាស់ទីដោយសេរី ក្នុងចំណោមប្រទេសដូចជា អូទ្រីស ព័រទុយហ្គាល់ អាល្លឺម៉ង់ អ៊ីតាលី ស្វីស ក្រិច និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការច្រើនដង ក្នុងមួយឆ្នាំ។នៅសហភាពអឺរ៉ុប ទិដ្ឋាការ Schengen ជួយភ្ញៀវទេសចរផ្លាស់ទីដោយសេរីរវាងប្រទេសចំនួន២៧។
-->
ប្រទេសថៃចង់ទាញយកអត្ថប្រយោជន៍ ពីគោលនយោបាយទិដ្ឋាការរួមនេះ ដើម្បីចរចាជាមួយបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុបឆ្ពោះទៅរកកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាង Schengen និងក្រុមអាស៊ាន។
ប្រសិនបើគំនិតផ្តួចផ្តើមនេះ ទទួលបានជោគជ័យ ភ្ញៀវទេសចរគ្រាន់តែស្នើសុំទិដ្ឋាការ នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេសទាំ ង៦ រួមមាន ថៃ កម្ពុជា វៀតណា មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ដើម្បីអាចធ្វើដំណើរ និងទស្សនាប្រទេសដែលនៅសល់ដោយសេរី។
ទិដ្ឋាការចូលមួយដង ជាមហិច្ឆិតាដ៏ធំបំផុតនៃគំនិតផ្តួចផ្តើមផ្សព្វផ្សាយទេសចរណ៍របស់នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ក្នុងគោលដៅរយៈពេលវែង។ មេដឹកនាំភាគច្រើននៃប្រទេសចំនួន៥ ទៀតបានឆ្លើយតបជាវិជ្ជមាន ចំពោះគំនិតផ្តួចផ្តើមទិដ្ឋាការរួមរបស់ថៃ។
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៧០លាននាក់នៅឆ្នាំ២០២៣ ដែលក្នុងនោះថៃ និងម៉ាឡេស៊ីមានចំនួនជាង៥០ភាគរយ នៃភ្ញៀវទេសចរណ៍បរទេសសរុប និងរកប្រាក់ចំណូលបានប្រមាណ៤៨ពាន់លានដុល្លារ។
រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា មានបំណងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ចំនួន៨០លាននាក់នៅត្រឹមឆ្នាំ២០២៧ កើនឡើងទ្វេដងពីការសម្រេចបាននៅឆ្នាំ២០១៩ ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីថៃបានផ្សព្វផ្សាយ គោលនយោបាយបន្ធូរបន្ថយទិដ្ឋាការជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជា ការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន។ ការលើកលែងទិដ្ឋាការបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរមកពីឥណ្ឌា តៃវ៉ាន់ និងកាហ្សាក់ស្ថាន។
ទន្ទឹមនេះ រដ្ឋាភិបាលថៃក៏កំពុងពិចារណា បើកកាស៊ីណូនៅក្នុងតំបន់ទេសចរណ៍ និងតំបន់កម្សាន្តធំៗ ដើម្បីបង្កើនប្រាក់ចំណូល។ វិស័យទេសចរណ៍ ជាឧស្សាហកម្មដែលនាំ មកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ថៃ ដែលបង្កើតការងារចំនួន២០ភាគរយនៃការងារសរុប។
ប្រាក់ចំណូលពីទេសចរណ៍ មានទំហំ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប៥០០ពាន់លានដុល្លាររបស់ប្រទេស។ នេះបើតាមកាសែត Bangkok Post ។
យ៉ាងណាមិញ ក្តីរំពឹងនៃការប្រើប្រាស់ទិដ្ឋាការរួមនេះ នៅតែមានផលពិបាកមួយចំនួន។
សាស្ត្រាចារ្យ Thitinan Pongsudhirak មកពីសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិដ្ឋាការរួម អាចនឹងពិបាក ហើយមានបញ្ហាប្រឈមច្រើន ពីព្រោះប្រទេសនានាត្រូវតែសម្រេចបាននូវស្តង់ដាររួម នៅក្នុងគោលនយោបាយអន្តោប្រវេសន៍ ហើយប្រទេសក្នុងក្រុមប្រទេសទាំង៦ នៅតែទទួលបានកំណត់ត្រាភ្ញៀវទេសចរមិនស្មើគ្នា៕