ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមសារពត៌មានYonhap បានចុះផ្សាយថា ចំនួនផ្ទះ ដែលត្រូវបានរឹបអូស និងដាក់លក់ដេញថ្លៃ ដោយតុលាការ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១១ឆ្នាំកាលពីខែមីនាកន្លងទៅ។
យោងតាមទិន្នន័យស្ថិតិរបស់តុលាការកំពូលស្តីពី ការចុះបញ្ជីអចលនទ្រព្យ បង្ហាញថា ផ្ទះសរុបចំនួន៥.៣៣៦យូនីត ត្រូវបានដាក់លក់ដេញថ្លៃកាលពីខែមុន បន្ទាប់ពីម្ចាស់ផ្ទះទាំងនោះ មិនបានទូទាត់សងប្រាក់ទាន់ពេលវេលា។
-->
ដើម្បីប្រមូលដើមទុនត្រឡប់មកវិញ ម្ចាស់បំណុល ដែលភាគច្រើន គឺជាធនាគារបានរឹបអូសទ្រព្យសម្បត្តិ ដែលត្រូវបានដាក់បញ្ចាំ ហើយយកទៅដាក់លក់ដេញថ្លៃ បន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តពីតុលាការ។
តួលេខខាងលើបង្ហាញថា ចំនួនផ្ទះដែលត្រូវបានរឹបអូស នៅក្នុងខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន គិតចាប់តាំងពីខែមករា ឆ្នាំ២០១៣ ដែលនៅពេលនោះ ផ្ទះចំនួន៥.៤០៧យូនីត ត្រូវបានរឹបអូស។
បើគិតតាមតំបន់ ផ្ទះចំនួន១.៥១០យូនីត ដែលត្រូវបានរឹបអូស មានទីតាំង ស្ថិតនៅក្នុងខេត្ត Gyeonggi ខណៈផ្ទះចំនួន៨៣០យូនីតផ្សេងទៀត ស្ថិតនៅក្នុងទីក្រុងប៊ូសាន និងផ្ទះចំនួន៦០៣យូនីតផ្សេងទៀតស្ថិតនៅក្នុងទីក្រុងសេអ៊ូល។
អ្វីដែលកាន់តែពិសេសនោះ គឺនៅត្រង់ថា នេះជាលើកដំបូងហើយ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៥ ដែលផ្ទះត្រូវបានរឹបអូសជាង៦០០យូនីត នៅក្នុងទីក្រុងសេអ៊ូល ត្រូវបានតុលាការប្រកាសដាក់លក់ដេញថ្លៃ។
យោងតាមប្រភពពីក្រុមអ្នកជំនាញ ផ្នែកឧស្សាហកម្មអចលនទ្រព្យរំពឹងថា ចំនួនផ្ទះដែលត្រូវបានរឹបអូស និងត្រូវបានដាក់លក់ដេញថ្លៃ ដោយតុលាការជារៀងរាល់ឆ្នាំ នឹងកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ៕ប្រភព:Yonhap៕