ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនថាមពលខ្នាតយក្ស Chevron របស់សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីអាជីវកម្មថាមពលនៅតំបន់រុករកឧស្ម័នធម្មជាតិ Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានផ្ទេរភាគហ៊ុនទៅឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមហ៊ុនថៃកាន់កាប់។
ការប្រកាសដកខ្លួននេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សមួយនេះ បានថ្កោលទោសទៅលើអំពើហិង្សា និងការរំលោភសិទ្ធិមនុ ស្សនៅតំបន់នោះ អស់រយៈពេលជាង២ឆ្នាំមកហើយ។
-->
អ្នកនាំពាក្យមួយរូបនៃក្រុមហ៊ុន Chevron បានមានប្រសាសន៍ឱ្យដឹងថា ភាគហ៊ុនជាង៤១ភាគរយ របស់ក្រុមហ៊ុនChevron មិនត្រូវបានលក់ទៅឱ្យម្ចាស់ភាគហ៊ុនផ្សេងទៀត ដូចជា ក្រុមហ៊ុនរុករក និងផលិតថាមពលថៃPTTEP រួមទាំងសហគ្រាសប្រេង និងឧស្ម័ន MOGE របស់រដ្ឋាភិបាលមីយ៉ាន់ម៉ានោះទេ ប៉ុន្តែក្រុមហ៊ុន Chevron បានផ្ទេរឱ្យគ្រប់គ្រងតែម្ដង។
ទន្ទឹមនឹងនេះ ភាគីខាងក្រុមហ៊ុនថៃ PTTEP បានលើកឡើងថា ភាគហ៊ុនរបស់ខ្លួន នៅក្នុងតំបន់រុករកឧស្ម័ន Yadana បានហក់ឡើងដល់ជិត៦៣%។
ចំណែក ក្រុមហ៊ុន Chevron បានលើកឡើងថា ការដកខ្លួននេះបានឆ្លុះបញ្ចាំងពីចេតនារបស់យើង ក្នុងការចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសមួយនេះ។
ការដកខ្លួនចេញនាពេលនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Chevron ធ្លាប់បានបញ្ជាក់នៅក្នុងខែមករា ឆ្នាំ២០២២កន្លងមកថា ខ្លួននឹងដើរចេញពីប្រទេសមីយ៉ាន់ម៉ា និងឯកភាពលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីនោះ រួមទាំងភាគហ៊ុនរបស់ខ្លួននៅក្នុងតំបន់ Yadana ផងដែរ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុននេះបានដកខ្លួនចេញ ដោយផ្ទេរឱ្យភាគីពាក់ព័ន្ធជាអ្នកគ្រប់គ្រងទៅវិញ។
ដោយមានទីតាំងស្ថិតនៅឈូងសមុទ្រម៉ាតា អណ្ដូងឧស្ម័នធម្មជាតិ Yadana អាចផលិតឧស្ម័ន បានប្រមាណ៦ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដោយក្នុងនោះឧស្ម័នចំនួន៧០% ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។ រីឯឧស្ម័នប្រហែល៣០%ផ្សេងទៀត ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសរដ្ឋ MOGE សម្រាប់បម្រើដល់ការប្រើប្រាស់នៅក្នុងស្រុក៕ប្រភព: Reuters៕