Hattha top Banner

កាសែតបរទេសមួយចាត់ទុក ខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ចំណាយតិចបំផុតសម្រាប់វិស្សមកាលរដូវក្តៅ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់អាស៊ីមានគោលដៅទេសចរណ៍ជាច្រើនរាប់មិនអស់ ដែលសាកសមសម្រាប់វិស្សមកាលរដូវក្តៅ ជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ទេសភាពដ៏ស្រស់ស្អាត និងកន្លែងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍។

ខាងក្រោមនេះគឺជាគោលដៅទេសចរណ៍ចំនួន៥នៅតំបន់អាសុី ដែលភ្ញៀវទេសចរណ៍អាចចំណាយសមរម្យបំផុតសម្រាប់មកលំហែ នាវិស្សមកាលរដូវក្តៅ ដែលចងក្រងឡើងដោយកាសែតបរទេស The Daily Star ដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស។

ទី១. ទីក្រុងCebu ប្រទេសហ្វីលីពីន
នៅក្នុងនាមជាគោលដៅទេសចរណ៍វិស្សមកាលរដូវក្តៅ ដែលចំណាយសមរម្យបំផុត ទីក្រុង Cebu គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសហ្វីលីពីន។ ឆ្នេរខ្សាច់ពណ៌សដ៏បរិសុទ្ធ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត សមុទ្រដ៏ស្រស់បំព្រង សួនឧទ្យានផ្សងព្រេង និងសកម្មភាពខាងក្រៅជាច្រើនកំពុងរង់ចាំអ្នកធ្វើដំណើរទៅកាន់ទីក្រុងមួយនេះ។

ភ្ញៀវទេសចរណ៍អាចទៅទស្សនាទីក្រុង Cebu ចាប់ពី៣ទៅ៧ថ្ងៃ ដោយចំណាយប្រាក់អស់តិចបំផុត។ សម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ជាមធ្យម៤៤៦ដុល្លារ។

ទី២. ទីក្រុង Goa ប្រទេសឥណ្ឌា
ភ្ញៀវទេសចរណ៍ ដែលមានបំណងសម្រាកលំហែនៅពេលវិស្សមកាល គួរតែទៅទស្សនាទីក្រុង Goa ដែលជារដ្ឋតូចបំផុតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ នៅទីនោះ ភ្ញៀវទេសចរណ៍អាចសម្រាកលំហែកាយនៅតាមខ្ទមមាត់សមុទ្រ ហើយថែមទាំងអាចរីករាយជាមួយនឹងការសម្រាកលំហែជីវិតផងដែរ។ សម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ជាមធ្យម២២៩ដុល្លារ។

ទី៣. ខេត្តសៀមរាប ប្រទេសកម្ពុជា
ខេត្តសៀមរាបគឺជាត្បូងមួយគ្រាប់ ដែលមានប្រាសាទបុរាណដ៏អច្ឆរិយៈ ហាងកាហ្វេ និងដងស្ទឹងដ៏ស្ងប់ស្ងាត់។ ក្រៅពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាភូមិបណ្តែតទឹកទន្លេសាប និងផ្សាររាត្រីនៅខេត្តសៀមរាប ដើម្បីទទួលបាននូវបទពិសោធន៍ ដែលរួមបញ្ចូលគ្នានូវភាពទំនើបទាន់សម័យជាមួយនឹងភាពបុរាណ។

ភ្ញៀវទេសចរណ៍នៅខេត្តសៀមរាបអាចចំណាយប្រាក់ត្រឹមតែ៧៣ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូន និងថ្លៃម្ហូបអាហារ។ លើសពីនេះ ភ្ញៀវទេសចរណ៍អាចចំណាយត្រឹមតែ៩១ដុល្លារប៉ុណ្ណោះសម្រាប់ការទស្សនា និងការកម្សាន្ត។

ទី៤. ទីក្រុង Nha Trang ប្រទេសវៀតណាម
ទីក្រុង Nha Trang គឺគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរណ៍ ដែលមានបំណងមកលេងកំសាន្តតាមឆ្នេរសមុទ្រ។ ទីក្រុង Nha Trang មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ថ្មប៉ប្រះទឹក ផ្កាថ្មដែលមិនចេះរីងស្ងួត និងបណ្តុំកោះជាច្រើន គឺជាគោលដៅល្អសម្រាប់ការធ្វើដំណើរកម្សាន្តនារដូវក្តៅ ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ភ្ញៀវទេសចរណ៍អាចសម្រាកវិស្សមកាលរយៈពេលមួយសប្តាហ៍នៅទីក្រុង Nha Trang ដោយចំណាយប្រាក់អស់ប្រហែល២៧៤ដុល្លារ។

ទី៥. ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន
លោកអ្នក អាច ពិចារណា ទៅ ទស្សនា រដ្ឋធានី Dushanbe របស់ ប្រទេសតាជីគីស្ថាន សម្រាប់ វិស្សមកាល នារដូវក្តៅ។ ទីក្រុងនេះបានបង្កប់នូវស្នាដៃសិល្បៈសម័យសូវៀតដ៏ចម្លែក និងអគារដ៏ប្រណីតនៅតាមដងផ្លូវ ដែលមានដាំដើមដើមឈើជាជួរៗ។ ភ្ញៀវទេសចរណ៍អាចសម្រាកវិស្សមកាលរយៈពេលពេញ១សប្តាហ៍នៅទីក្រុង Dushanbe ដោយចំណាយប្រាក់ប្រហែល៣៤៦ដុល្លារ៕ប្រភព:The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here