ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃ បានបញ្ជាឱ្យផ្លាស់ប្តូរទីតាំងកំពង់ផែបាងកកដែលមានទំហំជាង៥ហិកតា នៅជាប់នឹងទន្លេចៅប្រាយ៉ា ស្ថិតក្នុងសង្កាត់ Klong Toey ក្នុងគោលដៅប្រែក្លាយតំបន់នេះសម្រាប់បម្រើដល់សាធារណៈជនទូទៅ។
នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីសុីន បានលើកឡើងថាការផ្លាស់ប្តូរទីតាំងកំពង់ផែនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ Klong Toey នៃទីក្រុងបាងកកក៏ដូចជាប្រជាជនរស់នៅក្នុងរាជធានីទាំងមូលផងដែរ។
ផែនការនេះត្រូវបានស្នើឡើងដោយលោកសេដ្ឋា ខណៈរដ្ឋាភិបាលថៃកំពុងខិតខំព្យាយាមដោះស្រាយបញ្ហាធូលី ដីការបំពុលខ្យល់ ដែលបង្កឡើងដោយរថយន្តដឹកទំនិញចេញ-ចូលកំពង់ផែបាងកកជារៀងរាល់ថ្ងៃ។
ក្រោយពីទទួលបានសំណើខាងលើនេះរួចមក គណៈរដ្ឋមន្ត្រីថៃ បានបញ្ជាដល់ក្រសួងដឹកជញ្ជូន ឱ្យធ្វើការជាមួយអាជ្ញាធរកំពង់ផែបាងកក និងភ្នាក់ងារផ្សេងទៀត ដើម្បីពន្លឿនការសិក្សាផ្លាស់ប្តូរទីតាំង។ ជាមួយគ្នានេះ ឃ្លាំង និងកន្លែងស្តុកប្រេងក៏ត្រូវប្តូរទីតាំងផងដែរ។






