ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទាក់ទាញបានទុនវិនិយោគចំនួន២,៩ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក។
ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Kishida ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហាញពីផែនការវិនិយោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន ដែលរួមមានវិធានការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។
លោកKishida បានថ្លែងប្រាប់លោក Smith ថា “វាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការធ្វើការជាមួយបណ្តាក្រុមហ៊ុនសកលដូចជា Microsoft ដោយលោកបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអាមេរិកនឹងបន្តជួយជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន”។យោងតាមប្រភពក្រុមហ៊ុនបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវនៅទីក្រុងតូក្យូ ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើ វិស័យបច្ចេកវិទ្យា AI និងមនុស្សយន្ត។