ក្រុមហ៊ុនVCGPបារាំងសន្យាផ្តល់ថវិកាជាង១០៣លានដុល្លារដើម្បីសាងសង់រោងចក្រទឹកស្អាតបាក់ខែងជំហ៊ានទី៣

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនVinci Construction Grands Projets (VCGP) បានសន្យាផ្តល់ថវិកា១០៣,៣លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)  ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ នាខែឧសភាខាងមុខនេះ។

តាមផែនការរោងចក្រនេះ នឹងត្រូវបើកដ្ឋានសាងសង់​នៅអំឡុងខែឧសភា ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទាន ប្រមាណ២៥០លានដុល្លារ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង។

កិច្ចសន្យារវាងVCGP និងPPWSA នៃគម្រោង “បាក់ខែងដំណា​ក់កាលទី៣” ត្រូវបានធ្វើឡើង នៅថ្ងៃទី១០មេសា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រីក សមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់៦០ម៉ឺនគូបក្នុងមួយថ្ងៃ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា​ កិច្ចព្រមព្រៀងនៃការសន្យាផ្តល់កម្ចី១០៣,៣ ដល់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ គឺជាផ្នែកមួយនៃគម្រោងដែលទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

សេចក្តីប្រកាសបានបញ្ជាក់ថា “ការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដោយនឹងចូលរួមលើកកម្ពស់លទ្ធភាព ទទួលបានទឹកប្រកបដោយគុណភាពពិសេស សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ”។

ស្ថានទូតបារាំងបានបញ្ជាក់ទៀតថា បន្ទាប់ពីសាងសង់រួច ស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អាត នឹងក្លាយជាស្ថានីយ៍ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ដែលអាចផ្គតផ្គង់ទឹកស្អាត ដល់បពលរដ្ឋចំនួន១៤៧ពាន់គ្រួសារ​បន្ថែមទៀត។​

គម្រោងនេះ បានបង្ហាញពីទំនុកចិត្តរបស់កម្ពុជា លើជំនាញរបស់ក្រុមហ៊ុនសំណង់បារាំង សម្រាប់ការវិនិយោគរបស់ខ្លួនប្រកប​ដោយយុទ្ធសាស្រ្ត ដែលមានតម្លៃបន្ថែមខ្ពស់។

ស្ថានទូតបារាំងបានបញ្ជាក់ថា “នេះជាគម្រោងដែលឆ្លុះបញ្ចាំងឱ្យឃើញនូវយុទ្ធសាស្រ្ត “Global Gateway” ហើយក៏បង្ហាញឱ្យឃើញផងដែរ នូវការប្តេជ្ញាចិត្តរបស់ក្រុមអឺរ៉ុបនៅកម្ពុជា”។

បច្ចុប្បន្ន​រោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង ដំណាក់កាលទី១ និងទី២ គឺមានសមត្ថភាពផលិតទឹកស្អាត បាន៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយផ្គត់ផ្គង់បាន១៩ម៉ឺន​ម៉ែត្រគូ។ ការចាប់ផ្តើមដំណាក់កាលទី៣ បង្ហាញពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទឹក ប្រកប​ដោយនិរន្តរភាព ក្នុងការដោះស្រាយតម្រូវការទឹកស្អាត ដែលកំពុងកើនឡើងនៅក្នុងរាជធានី និងតំបន់ជុំវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here