ទុនវិនិយោគជាង៧០លានដុល្លារបានហូរចូលខេត្តព្រះសីហនុ

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ គម្រោងវិនិយោគចំនួន៦ទៀត បានហូរចូលខេត្តព្រះសីហនុ ដែលមានទាំងគម្រោងជាប់ពាក់ព័ន្ធ នឹងអគារជាប់គាំង និងមិនពាក់ព័ន្ធ ត្រួវបានទទួលបានការលើកទឹកចិត្តពិសេស ពីរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានឲ្យដឹងកាលពីសប្តាហ៍មុនថា ​គម្រោងទាំង៦នេះ មានទុនវិនិយោគប្រមាណ៧៣លានដុល្លារ។​

ម្រោងវិនិយោគនៅព្រះសីហនុ ដែលមានការទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែដូង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន គម្រោងសណ្ឋាគារ និងកាស៊ីណូ គម្រោងសួនកម្សា​ន្តលើទឹកសមុទ្រ គម្រោងអគារស្នាក់នៅរួម និងគម្រោងវិនិយោគពេទ្យធ្មេញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីកិច្ចប្រជុំក្រុមការងារដើម្បីពិភាក្សា លើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ក្រោមការដឹកនាំរបស់លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១០មេសា បានបញ្ជាក់ថា “គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ-បរទេស និងមានទំហំតូច មធ្យម និងធំ”។
គិតត្រឹមពេលនេះ មានគម្រោងវិនិយោគ១៣ហើយ ដែលទទួលបានការលើកទឹកពិសេសពីរដ្ឋាភិបាល។ ក្នុងនោះរដ្ឋាភិបាលបានសម្រេ​ចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោ​ងវិនិយោគ/ធុរកិច្ចចំនួន៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម) សណ្ឋាគារ និងមជ្ឈមណ្ឌលទេសចរណ៍ នៅខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ក៏បានទទួល និងពិនិត្យពាក្យស្នើនានា ចំនួន១៦គម្រោង ព្រមទាំងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ កំពុងសិក្សាកំណត់តំបន់វិនិយោគ ឬតំបន់អភិវឌ្ឍន៍ និងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការទិញ ឬការជួលអចលនវត្ថុ ដែលមានតម្លៃចាប់ពី១០ម៉ឺនដុល្លារឡើង នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពវិនិយោគ និងការអភិវឌ្ឍ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល។​

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្តីនៃកម្ពុជា ប្រកាសឱ្យអនុវត្តនៅថ្ងៃ ទី៣១មករា​ ឆ្នាំ២០២៤។​

តាមរយៈកម្មវិធីនេះ​ រដ្ឋាភិបាលនឹងសម្រួលដល់វិនិយោគិន ដូចជា៖​ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ ការផ្តល់ការលើកទឹក​ចិត្តពន្ធ​អាករ ការលើកលែងកម្រៃសេវាសាធារណៈ ឬការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់ ការរៀប​ចំ​តំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​​តំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំ​ឧស្សាហ​កម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។

គោលដៅដែលរដ្ឋាភិបាលអនុវត្តន៍ នូវកម្មវិធីពិសេស​ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ  គឺជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​លើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់ ​កំពុងបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនប្រមាណ២២០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here