សេដ្ឋវិទូអះអាងថា ម៉ាឡេស៊ីនឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៣០ខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានសេដ្ឋវិទូនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) លោក Khor Hoe Ee បានព្យាករណ៍ថា ម៉ាឡេស៊ី នឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ឬប្រទេសអ្នកមាននៅឆ្នាំ២០៣០ខាងមុខ ដោយសារតែការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)។

លោក Khor បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការ​បើកសម្ពោធរបាយការណ៍ ​ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​+៣ ឆ្នាំ២០២៤ ថា “យើង​មាន​សុទិដ្ឋិនិយម​ថា ដរាបណា​ប្រទេសម៉ាឡេស៊ីអាចរក្សា​បានវិន័យ​សារពើពន្ធ និង​រូបិយវត្ថុ នោះលំហូរ​នៃ​ការ​វិនិយោ​គ​ថ្មី​ពី​បរទេស​ នឹង​អាច​ជួយ​ជំរុញកំណើនសេដ្ឋកិច្ច និង​ធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលមាន​ប្រាក់ចំណូល​កម្រិតខ្ពស់​។

លោកបានបន្ថែមថា “ម៉ាឡេស៊ីបានដាក់ចេញគោលដៅបញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម ដើម្បីឆ្ពោះទៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅចុងទសវត្សរ៍នេះ ហើយគ្មានហេតុផលណាមួយ ដែលម៉ាឡេស៊ីមិនអាចធ្វើបាននោះទេ”។យោងតាមទិន្នន័យបានបង្ហាញថា “លំហូរFDIចូលមកកាន់ប្រទេ​​សម៉ាឡេស៊ី មានទំហំទឹកប្រាក់ខ្ពស់ រហូតដល់ចំនួន២០៨,៦ពាន់លានរីងហ្គិត ក្នុងឆ្នាំ២០២១ តាមពីក្រោយដោយលំហូរFDI ចំនួន១៦៣,៣ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២២ និងលំហូរFDI ចំនួន១២៥,៧ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៣”។

នៅក្នុងឆ្នាំ២០២៣ ផលទុនជាតិសរុប(GDP) សម្រាប់ប្រជាជនម៉ាឡេស៊ីម្នាក់ៗ មានទំហំទឹកប្រាក់ចំនួន១១.១៤១ដុល្លារអាមេរិក ប៉ុន្តែដើម្បីក្លាយជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់ ប្រជាជនម៉ាឡេស៊ីម្នាក់ៗ ត្រូវមានចំណូល១៣.៨៤៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមការកំណត់របស់ធនាគារពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណាក្តី លោក Allen Ng សេដ្ឋវិទូមួយរូបទៀតនៅស្ថាប័ន AMRO បានលើកឡើងថា “ អ្វីដែលសំខាន់ជាងនេះទៀត ដែលយើងចង់គូសបញ្ជាក់ នៅក្នុងរបាយការណ៍របស់យើងថា ប្រទេ​សម៉ាឡេស៊ី ព្រមទាំងបណ្តាប្រទេស ក្នុងតំបន់ជាច្រើនទៀត នៅតែបន្តប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធ”។

លោក Ng បានបន្ថែមថា “ម៉ាឡេស៊ីមិនអាចគេចផុតពីបញ្ហាប្រឈមរយៈពេលវែងទូទៅ ចំពោះទស្សនវិស័យសេដ្ឋកិច្ច ដោយលោកកត់សម្គាល់ថា ម៉ាឡេស៊ីចាំបាច់ត្រូវគ្រប់គ្រងប្រជាសាស្រ្ត ដែលមានវ័យចំណាស់ កំណើនផលិតភាព និងកម្លាំងពលកម្មជំនាញរបស់ខ្លួន”៕ ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here