លំហូរFDIចូលទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុបនឹងស្ទុះងើបឡើងវិញក្នុងឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំមុខការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យនៅតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤នេះ ខណៈវិនិយោគិនអន្តរជាតិ បានប្រមូលដើមទុនចូលមកកាន់ទីផ្សារក្នុងតំបន់នេះឡើងវិញ។

យោងតាមការ​ស្រាវជ្រាវ​ថ្មីមួយ ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Savills បង្ហាញថា “ការរំពឹងទុកនៃការ​បញ្ចុះអត្រា​ការ​ប្រាក់​ និង​ការ​ស្ទុះឡើង​វិញ​នៃសេដ្ឋកិច្ច​ នឹង​ជំរុញ​លំហូរ​អ្នក​វិនិយោគ​បរទេស​ ដែល​មានបំណងទាញផលប្រយោជន៍​ពី “កម្រិត​តម្លៃ​ដែល​គួរ​ឱ្យ​ទាក់​ទាញ​កាន់​តែ​ខ្លាំង”។

យោងតាមការស្រាវជ្រាវបានឱ្យដឹងថា “ក្នុងឆ្នាំ២០២៤នេះ សកម្មភាពវិនិយោគអចលនទ្រព្យ របស់វិនិយោគិនអាមេរិក អ៊ីស្រាអែល ជប៉ុន និងតៃវ៉ាន់ នៅតំបន់អឺរ៉ុប នឹងស្ទុះងើបឡើងវិញ២០ភាគរយ ខណៈដើមទុនភាគច្រើន បានហូរចូលទៅកាន់ប្រទេសអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងហូឡង់”។

លោក Rasheed Hassan ប្រធានផ្នែកវិនិយោគឆ្លងព្រំដែនសកលរបស់ក្រុមហ៊ុនSavills បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ប្រាកដណាស់ វាហាក់បីដូចជាយើងបានឆ្លងផុតពីស្ថានភាពអាក្រក់បំផុត ហើយយើងកំពុងស្ទុះងើបឡើងវិញសន្សឹមៗ” ។

យោងតាមការស្ទង់មតិ 2024 European Investor Intentions របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ប្រទេសអង់គ្លេស បានជាប់ចំណាត់ថ្នាក់ជាគោលដៅកំពូល ប្រចាំតំបន់អឺរ៉ុប សម្រាប់ការវិនិយោគឆ្លងព្រំដែន តាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ ប៉ូឡូញ អេស្ប៉ាញ និងហូឡង់។

ការស្ទង់មតិដដែលបានរកឃើញទៀតថា ទីក្រុងឡុងដ៍ត្រូវបានគេដាក់ឈ្មោះថា “ជាទីក្រុងដ៏ទាក់ទាញបំផុត” តាមពីក្រោយដោយទីក្រុងប៉ារីស ទីក្រុងម៉ាឌ្រីដ ទីក្រុងអាំស្ទែដាំ និងទីក្រុងប៊ែរឡាំង។

លោក Chris Brett នាយកគ្រប់គ្រងផ្នែកទីផ្សារមូលធនអឺរ៉ុបរបស់ក្រុមហ៊ុន CBRE បានអះអាងថា “ទីក្រុងឡុងដ៍គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងមួយចំនួន ដែលបង្ហាញភាពធន់របស់ខ្លួន ក្នុងការប្រឈមមុខ ជាមួយបញ្ហាផ្នែកសេដ្ឋកិច្ច ហើយនៅតែជាចំណុចស្នូលដ៏សំខាន់សម្រាប់មូលធនសកល”។

យោងតាមការព្យាករណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ក្នុងឆ្នាំនេះ ប្រទេសអង់គ្លេសនឹងទាក់ទាញបានចំនួនមួយភាគបី ឬប្រមាណ១៣ពាន់លានដុល្លារ នៃការវិនិយោគទៅក្រៅប្រទេស សរុបរបស់សហរដ្ឋអាមេរិក។ ចំណែកអាល្លឺម៉ង់ អេស្ប៉ាញ និងហូឡង់ នឹងក្លាយជាអ្នកទទួលផលធំបំផុត ពីការ វិនិយោគរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអង់គ្លេស៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here