សម្តេចធិបតីថ្លែងអំណរគុណដល់អាជ្ញាធរ កងកំលាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលបានចូលរួមធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីពោរពេញដោយភាពរីករាយ

0

        ដោយៈ សហសេវិក

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តី​សោម​នស្ស​រីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យ ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ ក៏ដូចជានៅក្រៅប្រទេសផងដែរ​ កងយោធពលខេមរភូមិន្ទ កងនគល​ជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការ​ទាំង​អស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំតុបតែង​ និងប្រចាំការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ បង្កលក្ខណៈដល់ការកំសាន្តសប្បាយ របស់បងប្អូន​ អ៊ំពូមីង​ តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្ត ទៅដោយភាពសប្បាយ​រីក​រាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទន​ភាព​ជាតិ»

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈ៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយ​ជា​ខ្លាំង សម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការណ៍នានា របស់អាជ្ញាធរនៅទូទាំង​ប្រទេស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា “ភាពសប្បាយរីករាយនេះកើតមានទៅបាន អាស្រ័យលើកត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជន​ខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែ​មួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរជាដរាបតរៀងទៅ”។

សម្តេចធិបតី ក៏បានប្រគេនពរដល់ព្រះតេជព្រះគុណ គ្រប់ព្រះអង្គ និងជូនពរ​ប្រជា​ពលរដ្ឋខ្មែរ ជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តី ជោគជ័យ​គ្រប់ប្រការ ព្រមជាមួយពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here