លោក Lee Jae-Myung ដែលឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី បុរសដើរចេញពីជីវិតទាសភាព

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ការបោះឆ្នោតសភា នៅប្រទេសកូរ៉េខាងត្បូង ដែលរៀបចំឡើងកាលពីថ្ងៃទី១០ ខែមេសា កំពុងឈានទៅបញ្ចប់ការរាប់សន្លឹកឆ្នោតជាផ្លូវការហើយ ខណៈគណបក្សប្រឆាំងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។

ជ័យជំនះរបស់គណបក្សប្រឆាំង អាចជះផលប៉ះពាល់ទៅលើលោកប្រធានាធិបតី Yoon Suk Yeol និងគណបក្សអភិរក្សនិយមរបស់លោកក្នុងកៅអីសភាផងដែរ ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Yonhap នៅថ្ងៃទី១១ ខែមេសា។

យោងតាមការបញ្ជាក់ពីគណៈកម្មការជាតិ រៀបចំការបោះឆ្នោតនៅប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកូរ៉េខាងត្បូង) សន្លឹកឆ្នោតរាប់បាន៩៩ភាគរយទៅហើយ ដោយក្នុងនោះគណបក្សប្រជាធិបតេយ្យ (DP) ទទួលបានអាសនៈចំនួន១៧០ លើអាសនៈសភាសរុបចំនួន៣០០ ខណៈគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon ទទួលបានត្រឹមតែ១០៨អាសនៈប៉ុណ្ណោះ។លោកលី ជេម្យុង (Lee Jae-myung) ប្រធានគណបក្សប្រជាធិបតេយ្យ (DP)  ដែលបានដឹកនាំយុទ្ធនាការ ឃោសនាបោះឆ្នោតតតាំងនឹងលោក Yoon បានមានប្រសាសន៍ឱ្យដឹងថា ឥឡូវនេះ អាទិភាពកំពូលរបស់យើង គឺស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ។

ក្រុមអ្នកវិភាគបានវាយតម្លៃថា លទ្ធផលបោះឆ្នោតសភានាពេលនេះ គឺជាការធ្វើប្រជាមតិមួយ ចំពោះការកាន់អំណាចរបស់លោកប្រធានាធិបតី Yoon Suk Yoel ស្របពេលដែលប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះយ៉ាងគំហុក ដោយសារថ្លៃចំណាយនៃការរស់នៅរបស់ប្រជាពលរដ្ឋកើនឡើងកាន់តែខ្ពស់ ក៏ដូចជាជម្លោះនយោបាយជាដើម។

តើលោក Lee Jae-myung ជានរណា និងមានជីវប្រវត្តិបែបណាខ្លះ?
លោក Lee Jae-myung កើតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៦៤ ក្នុង​ទីក្រុង Andong។ លោកកើតចេញពីគ្រួសារ​ក្រីក្រ​មួយ និងជា​កូន​ទី​៥ ក្នុង​ចំណោម​បងប្អូនបង្កើតសរុបចំនួន៧នាក់។ លោក លី គឺជាអ្នកនយោបាយកូរ៉េខាងត្បូង ដែលបម្រើការជាសមាជិករដ្ឋសភា និងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ។

លោក លី បានធំធាត់ឡើងនៅក្នុងភាពក្រីក្រ ហើយលោកមិនសូវយកចិត្តទុកដាក់ ចំពោះសកម្មភាពសង្គម ដោយសារការខ្វះខាតថវិការបស់គ្រួសារ  ហើយលោកពឹងផ្អែកលើសប្បុរសធម៌ របស់គណៈសាស្ត្រាចារ្យសាលា ដើម្បីចូលរួមដំណើរកំសាន្តនានា។ លោកលី បាន​លើក​ឡើង​ថា​ “ការ​ស្ទូច​ត្រី​នៅតាម​ដង​ព្រែក​ជាមួ​យ​មិត្តភ័ក្តិ​​ គឺជា​កន្លែង​កម្សាន្ត​មួយ​ដែល​លោកចូលចិត្ត”។

នៅពេលដែលលោក លី បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ប្រព័ន្ធសាលាសាធារណៈរបស់កូរ៉េខាងត្បូង មិនបានផ្ដល់ការអប់រំដោយឥតគិតថ្លៃ សម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនោះទេ។ ឪពុក​របស់​លោក បាន​ចំណាយ​ប្រាក់​ភាគច្រើន​របស់​គ្រួសារ​ ទៅ​លើ​ការ​លេង​ល្បែង ហើយ​គ្រួសារ​របស់លោក បាន​ចាកចេញ​ពីស្រុកកំណើតក្នុងទីក្រុង Andong ដើម្បី​រក​ការងារ​ធ្វើ។

គ្រួសាររបស់លោក បានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Seongnam ដែលជាទីក្រុងឧស្សាហកម្ម ត្រូវបានសាងសង់ឡើងក្នុងអំឡុងរដ្ឋបាល របស់លោកអតីតប្រធានាធិបតី Park Chung Hee ដើម្បីប្រមូលផ្តុំឧស្សាហកម្ម នៅខាងក្រៅទីក្រុងសេអ៊ូល។ ប្រជាជនដែលរស់នៅទីក្រុង Seongnam ភាគច្រើនមានជីវភាពក្រីក្រ ដែលត្រូវបានរដ្ឋាភិបាលបង្ខំឱ្យផ្លាស់ទីលំនៅទៅទីនោះ។

មិនខុសពីកុមារដទៃទៀតមកពីគ្រួសារក្រីក្រដែរ លោកលីបានធ្វើការនៅក្នុងរោងចក្រផលិតខ្សែកមួយ ជំនួសឱ្យការចូលរៀននៅសាលាមធ្យមសិក្សា។  បន្ទាប់​ពី​រោងចក្រ​ផលិត​ខ្សែ “ក”​បាន​ក្ស័យធន លោកបាន​ផ្លាស់​ទៅ​ធ្វើការ នៅក្រុមហ៊ុន​មួយ​ឈ្មោះ Dongma Rubber។ ប៉ុន្តែនៅពេលនោះ លោក មិនទាន់មានវ័យគ្រប់គ្រាន់ដើម្បីធ្វើការស្របច្បាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ដូច្នេះហើយ លោកបានធ្វើការក្រោមឈ្មោះក្លែងក្លាយផ្សេងៗ។

លោកលី បានរងរបួសម្រាមដៃ នៅពេលកំពុងធ្វើការឱ្យក្រុមហ៊ុនDongma Rubber។ បន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ លោកបានសម្រេចចាកចេញពីក្រុមហ៊ុន Dongma Rubber រួចហើយចូលទៅធ្វើការឱ្យក្រុមហ៊ុន Daeyang Industry វិញម្តង ។

នៅកន្លែងធ្វើការទី២ ថ្មីនេះ លោក លី បានបាក់សន្លាក់កដៃ តែមិន​ត្រូវ​បាន​ព្យាបាល​នោះឡើយ ដែលនាំឱ្យលោកត្រូវពិការ​ដៃ​។ ក្រោយមក លោកត្រូវបានលើកលែងពីកាតព្វកិច្ចចូលបម្រើយោធា។

នៅពេលកំពុងធ្វើការនៅក្រុមហ៊ុន Daeyang Industry លោក លី បានឃើញសិស្សមួយក្រុមស្លៀកពាក់ ឯកសណ្ឋានសាលា ដោយធ្វើឱ្យលោក មានបំណងប្រាថ្នាចង់ចូលរៀននៅសាកលវិទ្យាល័យ។  ដូច្នេះ  លោកបានប្រលងចូលវិទ្យាល័យ ហើយទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៧៨។ រយៈពេល២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៨០ លោកបានប្រឡងចូលសាកលវិទ្យាល័យឈុង អាង(Chung-Ang) ដោយទទួលបានសញ្ញាប័ត្រផ្នែកច្បាប់នៅឆ្នាំ១៩៨៦។

នៅឆ្នាំ១៩៩១ លោកលី បានរៀបការជាមួយនឹងអ្នកស្រី Kim Hye-kyung ដោយទទួលបានចំណងដៃកូនចំនួនពីរនាក់។ នៅក្នុង​វ័យ៥៩ឆ្នាំ លោក លី គឺជា​អតីត​មេធាវីសិទ្ធិមនុស្ស និងការងារ ហើយលោកក៏ធ្លាប់កាន់តំណែង ជា​អភិបាលខេត្តផងដែរ។ លោកធ្លាប់​ឈរជា​បេក្ខភាព ប្រធានាធិបតី​ម្តង​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ លោកមិនទទួលបានជោគជ័យឡើយ។

លោក​ លី បាន​ប្រើ​​ប្រាស់អតីត​កាល ជា​កម្មករ​រោងចក្រ​ជា​អត្តសញ្ញាណនយោបាយ​​ ដោយ​បាន​ប្តេជ្ញាបង្កើត​ឡើង​វិញនូវប្រាក់​ចំណូ​ល​​សកលអប្បបរមា និង​ផ្តល់ឯកសណ្ឋាន​​ ដល់​សិស្ស​ដោយ​ឥតគិត​ថ្លៃ។

លោក លី បានឈរជាបេក្ខភាពរបស់ គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងម្តងទៀត នៅឆ្នាំ២០២២ ដោយទទួលបានការតែងតាំងពីគណបក្ស ប៉ុន្តែលោក លី បានចាញ់លោក Yoon Suk-yeol នៅក្នុងការបោះឆ្នោតនោះ ដែលមានលទ្ធផលសន្លឹកឆ្នោតប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។

លោក លី បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ នៅក្នុង​ឆ្នាំ​២០០៥​។ ក្រោយមក លោកត្រូវបានជ្រើសរើស ជាចៅហ្វាយទីក្រុងសុងណាម(Seongnam) ក្នុងឆ្នាំ២០១០ ហើយបានជាប់ឆ្នោតជាចៅហ្វាយក្រុងមួយនេះម្តងទៀត នៅក្នុងឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨។

នៅឆ្នាំ២០១៨ លោកបានលាលែងពីតំណែង ជាចៅហ្វាយក្រុងSeongnam ដើម្បីឈរឈ្មោះជាអភិបាលខេត្ត Gyeonggi វិញម្តង ដោយទទួលបានលទ្ធផលជោគជ័យ។ ក្រោយ​មក លោក លី ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា ហើយ​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យកូរ៉េ។

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ លោក លី ត្រូវបានគេចាក់ចំកញ្ចឹងករ នៅក្នុងកំឡុងពេលលោក ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៊ូសាន ដែលនាំឱ្យលោកត្រូវបានបញ្ជូន ទៅសង្គ្រាះបន្ទាន់នៅមន្ទីរពេទ្យ។

ទាក់ទិននឹងរឿងនេះ លោកប្រធានាធិបតី Yoon Suk-yoel បានថ្កោលទោសការវាយប្រហារ ទៅលើលោក លី ថា ជា “ភេរវកម្ម” ដោយលោក Yoon បានចាត់ទុកអំពើនេះជា “សត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរី” ហើយលោកក៏ធ្លាប់បានជូនពរឱ្យលោក Lee ឆាប់ជាសះស្បើយផងដែរ៕ ប្រភព: Wiki Pedia &AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here