ក្រុមហ៊ុនលំដាប់យក្សMicrosoftឈានជើងចូលទីផ្សារជប៉ុនជាមួយផែនការបណ្តាក់ទុនជិត៣០០០លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទាក់ទាញបានទុនវិនិយោគ ចំនួន២,៩ពាន់លានដុល្លារ ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក។

ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Kishida  ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានបង្ហាញពីផែនការវិនិយោគដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសជប៉ុន ដែលរួមមានបញ្ចូលផែនការ ដើម្បីធ្វើឱ្យប្រសើរឡើង នូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។

លោកKishida បានថ្លែងប្រាប់លោកSmith ថា “វាមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនជប៉ុន ក្នុងការធ្វើការជាមួយបណ្តាក្រុមហ៊ុនសកលដូចជា Microsoft។ លោកបង្ហាញក្តីសង្ឃឹមថា “ក្រុមហ៊ុនអាមេរិក នឹងបន្តជួយជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន”។យោងតាមប្រភពក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវនៅទីក្រុងតូក្យូ  ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើ វិស័យបច្ចេកវិទ្យា AI និងមនុស្សយន្ត។

នៅថ្ងៃអង្គារសប្តាហ៍មុននេះ លោក Kishida បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំធុរកិច្ចនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនអាចដឹកនាំសហគមន៍អន្តរជាតិ ឆ្ពោះទៅរកស្ថិរភាព និងវិបុលភាព។លោក Kishida បានបន្ថែមថា ប្រទេសជប៉ុននឹងចាប់ដៃជាមួយសហរដ្ឋអាមេរិក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងបច្ចេកវិទ្យាសំខាន់ៗ រួមទាំងឧបករណ៍អេឡិចត្រូនិក បច្ចេកវិទ្យា AI កុំព្យូទ័រកង់ទិច និងថាមពលស្អាត ព្រមទាំងពង្រីកការវិនិយោគទៅវិញទៅមក៕ប្រភព:Kyodo៕

LEAVE A REPLY

Please enter your comment!
Please enter your name here