ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារ Fitch Ratings ដែលជាក្រុមហ៊ុនទីផ្សារមូលធនខ្នាតយក្សនៅលើពិភពលោក បានបន្ទាបនូវទស្សនវិស័យរបស់ខ្លួន អំពីចំណាត់ថ្នាក់ឥណទានរបស់ប្រទេសចិន ទៅជាសញ្ញាអវិជ្ជមាន ដោយលើកឡើងពីហានិភ័យចំពោះហិរញ្ញវត្ថុសាធារណៈ។
ទីភ្នាក់ងារFitch បានព្យាករណ៍ថា ឱនភាពរបស់រដ្ឋាភិបាលជា ទូទៅនឹងកើនឡើងដល់៧,១% នៃផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២៤ ពីក្នុងរង្វង់៥,៨% ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពី២០២០ ដែលនៅពេលនោះ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានជះផលប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចចិន។
-->
ជាមួយគ្នានេះ ស្ថាប័នខាងលើបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងថយចុះមកនៅត្រឹម៤,៥% ក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងកំណើន៥,២%កាលពីឆ្នាំមុន ដែលការវាយតម្លៃនេះ ផ្ទុយពីធនាគារCiti និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលសុទ្ធតែបានបង្កើនការព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងមានកំនើនខ្ពស់ក្នុងឆ្នាំ២០២៤នេះ។
ទីភ្នាក់ងារ Fitch បានអះអាងថា “ការត្រួតពិនិត្យ និងការកែសម្រួលឡើងវិញនូវទស្សនវិស័យនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងនៃហានិភ័យ ចំពោះទស្សនវិស័យហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសចិន”។
ស្ថាប័នខាងលើបន្តថា ប្រទេសចិនកំពុងប្រឈមនឹងទស្សនវិស័យសេដ្ឋកិច្ច មិនច្បាស់លាស់បន្ថែមទៀត ក្រោយពីរដ្ឋាភិបាលចិនបានប្រកាសធ្វើពិពិធកម្ម កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកលើទីផ្សារអចលនទ្រព្យ ទៅកាន់កំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកលើគំរូប្រកបដោយនិរន្តរភាពជាងមុន”។
ឆ្លើយតបទៅនឹងការព្យាករណ៍អវិជ្ជមានបែបនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសថា ខ្លួនសោកស្តាយចំពោះការសម្រេចចិត្ត និងការវាយតម្លៃរបស់ទីភ្នាក់ងារ Fitch។
នៅក្នុងកិច្ចប្រជុំសភាប្រជាជនថ្នាក់ជាតិ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញ គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយក្នុងឆ្នាំ២០២៤ ប៉ុន្តែវាបានបង្កឱ្យមានការជជែកវែកញែកជាច្រើន ក្នុងចំណោមអ្នកជំនាញ និងសេដ្ឋវិទូ អំពីលទ្ធភាពដែលទីក្រុងប៉េកាំង អាចសម្រេចបានគោលដៅរបស់ខ្លួន៕ប្រភព:CNBC៕