ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃ បានបញ្ជាឱ្យផ្លាស់ប្តូរទីតាំងកំពង់ផែបាងកក ដែលមានទំហំជាង៥ហិកតា នៅជាប់នឹងទន្លេចៅប្រាយ៉ា ស្ថិតក្នុងសង្កាត់Klong Toey ក្នុងគោលដៅប្រែក្លាយតំបន់នេះ សម្រាប់បម្រើដល់សាធារណៈជនទូទៅ។
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានលើកឡើងថា ការផ្លាស់ប្តូរទីតាំងកំពង់ផែនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ Klong Toey នៃទីក្រុងបាងកក ក៏ដូចជាប្រជាជនរស់នៅក្នុងរាជធានីទាំងមូលផងដែរ។
-->
ផែនការនេះ ត្រូវបានស្នើឡើងដោយលោកសេដ្ឋា ខណៈរដ្ឋាភិបាលថៃ កំពុងខិតខំព្យាយាមដោះស្រាយបញ្ហាធូលីដី ការបំពុលខ្យល់ ដែលបង្កឡើង ដោយរថយន្តដឹកទំនិញចេញ -ចូលកំពង់ផែបាងកកជារៀងរាល់ថ្ងៃ។
ក្រោយពីទទួលបានសំណើខាងលើនេះរួចមក គណៈរដ្ឋមន្ត្រីថៃ បានបញ្ជាដល់ក្រសួងដឹកជញ្ជូន ឱ្យធ្វើការជាមួយអាជ្ញាធរកំពង់ផែបាងកក និងភ្នាក់ងារផ្សេងទៀត ដើម្បីពន្លឿនការសិក្សាផ្លាស់ប្តូរទីតាំង។ ជាមួយគ្នានេះ ឃ្លាំង និងកន្លែងស្តុកប្រេងក៏ត្រូវប្តូរទីតាំងផងដែរ។
តំបន់នេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់បម្រើផលប្រយោជន៍សាធារណៈ របស់ប្រជាជនទីក្រុងបាងកក ហើយលទ្ធផលសិក្សាត្រូវតែរាយការណ៍ ជូននាយករដ្ឋមន្រ្តីឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។
កាលពីខែកុម្ភៈកន្លងទៅ លោក Chadchart Sittipunt អភិបាលក្រុងបាងកក ក៏ធ្លាប់បានស្នើ និងពិភាក្សាជុំវិញបញ្ហានេះ ជាមួយលោកសេដ្ឋាផងដែរ ខណៈដែលនៅពេលនោះ លោកទាំង២បានជួបគ្នានៅក្នុងសាលាក្រុង។
នៅក្នុងជំនួបនោះ រដ្ឋបាលទីក្រុងបាងកក បានស្នើផ្លាស់ប្តូរទីតាំងកំពង់ផែបាងកក ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ Laem Chabang ស្ថិតក្នុងខេត្តChon Buri ដោយសង្ឃឹមថា ការធ្វើបែបនេះនឹងជួយកាត់បន្ថយការបំពុលបរិយាកាស និងអភិវឌ្ឍន៍តំបន់នេះទៅជាទីធ្លាបៃតង សម្រាប់ប្រជាជនទីក្រុង៕ប្រភព:Bangkok Post៕