ការសិក្សាថ្មីបង្ហាញពីផ្នែកចំនួន៣នៃវិស័យអចលនទ្រព្យនៅកម្ពុជាបន្តជួបបញ្ហាប្រឈម

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការសិក្សារបស់ក្រុមហ៊ុនប្រឹក្សា ផ្នែកអចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ឱ្យដឹងថា បញ្ហាប្រឈមក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅឆ្នាំនេះ ជាពិសេសសម្រាប់វិស័យការិយាល័យ ការលក់រាយ និងខុនដូនៅរាជធានីភ្នំពេញ។

លោក Marc Townsend អគ្គនាយកក្រុមហ៊ុន CBRE Cambodia ជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យនេះ បានផ្តល់នូវការយល់ឃើញរបស់លោកអំពីគន្លង នៃទីផ្សារអចលនទ្រព្យនៅកម្ពុជាពេញមួយឆ្នាំ២០២៤នេះ។

លោកបានបញ្ជាក់កាលពីពេលថ្មីៗនេះថា “បញ្ហានានា ដែលទីផ្សារកំពុងប្រឈម ដូចជាការផ្គត់ផ្គង់លើសតម្រូវការ បានកើតមានឡើង នៅទូទាំងពិភពលោក ស្របពេលដែលសេដ្ឋកិច្ចសកលជួបបញ្ហា ក្រោយជំងឺកូវីដ-១៩ សង្គ្រាម ការបោះឆ្នោត ការដំឡើងអត្រាការប្រាក់ អតិផរណា និងផលប៉ះពាល់នៃការកើនឡើង ភាពតានតឹងភូមិសាស្ត្រនយោបាយ”។

លោក Townsend បានបន្តដោយផ្តល់អនុសាសន៍ថា “អ្នកអភិវឌ្ឍន៍ គួរមានដំណោះស្រា​យជាច្រើន ដែលអាចធ្វើទៅបាន រាប់ចាប់ពីដំណោះស្រាយសាមញ្ញ ដូចជា ការធ្វើទីផ្សារឱ្យកាន់តែប្រសើរ កំណត់តម្លៃឱ្យមានភាពប្រកួតប្រជែង ផ្តល់លក្ខខណ្ឌនៃការទូទាត់ងាយស្រួល និងដំណោះស្រាយស្មុគស្មាញ ដូចជា ការរៀបចំ និងការកំណត់ទីតាំងនៃការអភិវឌ្ឍន៍ឡើងវិញ។ លោកបញ្ជាក់ថា “ដំណោះស្រាយប្រាកដជាមាន ប្រសិនបើអ្នកមានឆន្ទៈក្នុងការស្វែងរកវា”។

ចំណែក លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ពុំមានពេលវេលាណាដែលល្អប្រសើរនេះ ក្នុងការទិញអចលនទ្រព្យនោះទេ ដោយសារជម្រើសបានកើនឡើងយ៉ាងខ្លាំង ខណៈដែលតម្លៃលក់ បន្តដាំក្បាលចុះអស់រហូតដល់ទៅ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ទន្ទឹមគ្នានេះ លោកស្រី គីម គិនកេសា នាយិការងគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានកត់សម្គាល់ថា យើងអាចមានឱកាស ដែលបង្កប់ នៅក្នុងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ជាឧទាហរណ៍ រដ្ឋាភិបាល និងវិស័យធនាគារ អាចធ្វើការអន្ត​រាគមន៍ ដើម្បីបង្កើតកម្មវិធីអ្នកទិញផ្ទះលើកដំបូង សម្រាប់គម្រោងជាក់លាក់មួយចំនួន ដើម្បីជំរុញការលក់ និងធ្វើឱ្យគម្រោងខុនដូ ដែលមានទីតាំងនៅតំបន់ កណ្តាលរាជធានីភ្នំពេញ មានតម្លៃសមរម្យសម្រាប់អតិថិជនក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here