តើអ្វីជាកត្តាទាក់ទាញទាំង១០ ដែលអ្នកធុរកិច្ចបរទេសគួរមកវិនិយោគនៅកម្ពុជា?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់​ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​គូស​បញ្ជាក់​ពី​អាទិភាព១០ចំណុច ដែ​ល​វិនិយោគិន​គួរ​សិក្សា​ និង​គួរ​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​ សម្រាប់បណ្ដាក់​ទុន​វិនិយោគ​របស់​ខ្លួន។

លោកស៊ុន ចាន់​ថុល បាន​ថ្លែងបែបនេះ ក្នុងពិធីបើក​ឱកាស​ដល់​វិនិយោគិន​ដែល​មក​ពី​៧០ក្រុមហ៊ុន​ផ្សេង​ៗគ្នា​ សាកសួរដោយផ្ទាល់នូវសំណួរនានា អំពីការវិនិយោគនៅ​កម្ពុជា ជា​ពិសេស​គឺ​ចំណុច​អាទិភាព ក៏​ដូច​ជា​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា ​កាលពីដើមខែមេសានេះ។

លោក​ឧបនាយករដ្ឋមន្រ្តី បាន​​លើក​ឡើង​ពី​អាទិភាព១០ ​ចំណុច ដែលវិនិយោគិនគួរមកធ្វើធុរកិច្ចនៅកម្ពុជា រួម​មាន ទី១​ ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ទី២ ស្ថិរភាពនយោបាយ ទី៣ កំណើនសេដ្ឋកិច្ចរ៉ឹងមាំ ទី​៤ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទី​៥ ធនធានមនុស្ស ទី​៦ ហេដ្ឋារចនាសម្ព័ន្ធសង្គម ទី៧ ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន ទី៨ វេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ទី៩ ស្ថានភាពទីផ្សាររបស់កម្ពុជា ដែលភ្ជាប់ទៅកាន់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងទី​១០. ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។

វេទិកាធុរកិច្ចត្រូវបានរៀបចំឡើង ដោយសភាពាណិជ្ជកម្មចិន រួម​សហការជាមួយសហភាពសហគ្រិន​ តំបន់​ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA)នេះធ្វើឡើង ដើម្បី​បញ្ជ្រាប​ផ្សព្វផ្សា​យសក្ដានុពលរបស់ប្រទេសកម្ពុជា ទៅវិនិយោគិនប្រមាណ៧០ក្រុមហ៊ុនផ្សេងៗគ្នាលើវិស័យជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here