ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី នឹងកើនឡើង៣,២ភាគរយ នៅឆ្នាំនេះ ជាកំនើន ខ្ពស់ជាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ទៅទៀត។
មូលនិធិ IMF បានអះអាងឱ្យដឹងបន្តទៀតថា ការនាំចេញប្រេងបានរក្សាស្ថិរភាព ហើយការចំណាយរបស់រដ្ឋាភិបាល នៅតែមានកម្រិតខ្ពស់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរុស្ស៊ី។
យោងតាមលោក Petya Koeva Brooks នាយករងនៃមូលនិធិ IMF បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគពីក្រុមហ៊ុនសាជីវកម្ម និងរដ្ឋ បូករួមទាំងកំណើននៃការប្រើប្រាស់ឯកជន បានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ី គួបផ្សំការនាំចេញប្រេងដ៏រឹងមាំ។
រុស្សីគឺជាប្រទេសនាំចេញប្រេង ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយកាលពីខែកុម្ភៈកន្លងទៅ សារព័ត៌មាន BBC បានរាយការណ៍ថា ប្រេងឥន្ធនៈរាប់លានបារ៉ែល ដែលផលិតពីប្រេងរុស្ស៊ី នៅតែត្រូវបាននាំចូលទៅកាន់ចក្រភពអង់គ្លេស ទោះបីជាជាប់ទណ្ឌកម្មយ៉ាងណាក្តី។
ទោះជាយ៉ាងនេះក្តី មូលនិធិ IMF បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចនៅទូទាំងទ្វីបអឺរ៉ុប ដោយរំពឹងថា សេដ្ឋកិច្ចអង់គ្លេស នឹងកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចអាមេរិករំពឹងថា នឹងកើនឡើង២,៧% អាល្លឺម៉ង់(០,២%) និងបារាំង(០,៧%)។
ជាមួយគ្នានេះ ក្រុមសេដ្ឋវិទូរបស់មូលនិធិ IMF បានព្រមានថា ប្រសិនបើជម្លោះ រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ កើនឡើងកំដៅបន្ថែមទៀត នោះវាអាចនាំឱ្យតម្លៃអាហារ និងថាមពលកើនឡើងនៅជុំវិញពិភពលោក៕ប្រភព:BBC៕






