ថ្លៃជួលដីឧស្សាហកម្មនៅប្រទេសវៀតណាមកំពុងហក់ឡើង យ៉ាងគំហុក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានព្យាករណ៍ថា ថ្លៃជួលដីឧស្សាហកម្មនៅភាគខាងត្បូង ប្រទេសវៀតណាម នឹងកើនឡើង៧%  ខណៈដីនៅភាគខាងជើង នឹងកើនឡើង៩% នៅជារៀងរាល់ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

ក្រុមហ៊ុន CBRE បានបញ្ជាក់នៅក្នុងរបាយការណ៍ ប្រចាំត្រីមា សទីមួយរបស់ខ្លួនស្តីពី ទីផ្សារអចលនទ្រព្យថា “តម្រូវការពីវិស័យឧស្សាហកម្មផ្សេងៗ និងក្រុមហ៊ុនអាជីវកម្មបរទេស នឹងជំរុញឱ្យថ្លៃជួលដីឧស្សាហកម្ម នៅទូទាំងប្រទេសវៀតណាមកើនឡើង”។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើបានអះអាងថា សក្តានុពលសម្រាប់កំណើននេះ អាចត្រូវបានគេមើលឃើញ តាមរយៈដំណើរការរបស់ផ្នែកដីឧស្សាហកម្ម នៅក្នុងត្រីមាសទីមួយកន្លងទៅ។

តួយ៉ាង នៅភាគខាងជើង ប្រទេសវៀតណាម ថ្លៃជួលជាមធ្យមនៅក្នុងទីផ្សារកំពូល ដូចជា ទីក្រុងហាណូយ និងទីក្រុង Hai Phong និងខេត្ត Bac Ninh ខេត្ត Hung Yen និងខេត្ត Hai Duong បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧,៨% ដល់១៣៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១។

ជាមួយគ្នានេះ អត្រានៃការជួល ឬការកាន់កាប់ដីធ្លីជាមធ្យម(Occupancy rate)នៅតំបន់ឧស្សាហកម្ម ក៏បានកើនឡើង១,៣ភាគរយ ដល់អត្រា៨៣ភាគរយផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE ដដែល។

ទន្ទឹមនឹងនោះ  តំបន់ឧស្សាហកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ និងខេត្ត Binh Duong ខេត្ត Dong Nai និងខេត្ត Long An មានអត្រាជួលកាន់កាប់៩២% ដូចគ្នាទៅនឹងឆ្នាំមុន ហើយតម្លៃជួលជាមធ្យម បានកើនឡើង២,៤%ដល់១៨៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ក្រុមហ៊ុន CBRE បានបន្ថែមថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មផ្សេងទៀត ដូចជា ថ្លៃជួលឃ្លាំងបានកើនឡើង២,២ភាគរយ និងថ្លៃជួលរោងចក្រ បានកើនឡើង៣,៩ភាគរយ ជាមួយនឹងអត្រាជួលកាន់កាប់ដ៏ខ្ពស់ចាប់ពី៥៧%ទៅដល់៨៧% ៕ប្រភព:VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here