តើអាកាសយានដ្ឋានធំជាងគេបំផុតទាំង៥របស់ពិភពលោកមានទីតាំងស្ថិតនៅប្រទេសណាខ្លះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋាន​ គឺជា​ច្រក​ចេញចូល​ដ៏​សំខាន់​ ដែល​តភ្ជាប់​មនុស្សទៅ​កាន់​ពិភពលោក។ មជ្ឈមណ្ឌលអាកាសចរណ៍ទាំងនេះ ផ្តល់នូវគ្រឿងបរិក្ខារចាំបាច់សម្រាប់យន្តហោះ គ្រប់គ្រងការដឹកជញ្ជូនទំនិញ និងបំពេញតម្រូវការអ្នកធ្វើដំណើរ រាប់រយលាននាក់ក្នុងមួយឆ្នាំៗ។ដោយសារចំនួនអ្នកដំណើរ បន្តកើនឡើងនៅឆ្នាំ២០២៤ អាកា​សយានដ្ឋាននានានៅលើពិភពលោក ប្រឈមនឹងការកកកុញ។  ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសមួយចំនួនកំពុងពង្រីក មជ្ឈមណ្ឌ​លអាកាសចរណ៍របស់ពួកគេ ដោយសាងសង់ស្ថានីយ និងផ្លូវរត់ថ្មី ដើម្បីសម្រួលដល់ចំនួនអ្នកធ្វើដំណើរ និងចំនួនយន្តហោះដែលកំពុងកើនឡើង។

ខាងក្រោមនេះ គឺជាព្រលានយន្តហោះធំជាងគេបំផុតចំនួន៥ នៅលើពិភពលោក គិតត្រឹមឆ្នាំ២០២៤នេះ។
ទី១: ព្រលានយន្តហោះ King Fahd International Airport
អាកាសយានដ្ឋានដ៏ធំបំផុត របស់ពិភពលោកមួយនេះ លាតសន្ធឹងនៅលើផ្ទៃដីទំហំ៧៧៤គីឡូម៉ែត្រការ៉េ។ អាកាសយានដ្ឋានអន្តរជាតិKing Fahd ត្រូវបានគេស្គាល់ម្យ៉ាងទៀតថា ជាអាកាសយានដ្ឋាន Dammam ដែលមានមូលដ្ឋាន នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៩។

ទី២: ព្រលានយន្តហោះ Denver International Airport
អាកាសយានដ្ឋានអន្តរជាតិ Denver លាតសន្ធឹងលើដីទំហំ១៣៧គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅរដ្ឋ Colorado និងបានបើកដំណើរការចាប់តាំងពីឆ្នាំ១៩៩៥។ Denver International Airport ជាប់ចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានធំជាងគេទីពីរ នៅទូទាំងពិភពលោក និងធំជាងគេទី១នៅសហរដ្ឋអាមេរិក។

ទី៣: ព្រលានយន្តហោះ Istanbul Airport
ចាប់តាំងពីបានបើកដំណើរការ នៅឆ្នាំ២០១៩ អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ដែលលាតសន្ធឹងលើដីទំហំ៧៦គីឡូម៉ែត្រការ៉េ បានក្លាយជាមជ្ឈមណ្ឌលពិភពលោកដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines។  អាកាសយានដ្ឋាននេះ មានស្ថានីយតែមួយប៉ុណ្ណោះ ដែលបម្រើទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។

ទី៤: ព្រលានយន្តហោះ Dallas/Fort Worth International Airport
ចាប់តាំងពីបើកដំណើរការនៅឆ្នាំ១៩៧៣មក អាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ បានដើរតួនាទី ជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដូចជា ក្រុមហ៊ុន American Airlines ក្រុមហ៊ុន Ameriflight ក្រុមហ៊ុន Southern Airways Express និងក្រុមហ៊ុន UPS Airlines ។ អាកាសយានដ្ឋានមួយនេះ លាតសន្ធឹងនៅលើដីទំហំ៦៧គីឡូម៉ែត្រការ៉េ។

ទី៥: ព្រលានយន្តហោះOrlando International Airport
ដោយបានបើកដំណើរការតាំងពីឆ្នាំ១៩៤០ អាកាសយានដ្ឋានអន្តរជាតិ Orlando គឺជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដ៏លេចធ្លោមួយចំនួន រួមមានក្រុមហ៊ុន Frontier Airlines ក្រុមហ៊ុនAvelo Airlines ក្រុមហ៊ុន Southwest Airlines និងក្រុមហ៊ុន Spirit Airlines ។

អាកាសយានដ្ឋាននេះ មានមូលដ្ឋាននៅក្នុងទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលលាតសន្ធឹងលើដីទំហំ៥២គីឡូម៉ែត្រការ៉េ៕ប្រភព៖AEROTIME Hub៕

LEAVE A REPLY

Please enter your comment!
Please enter your name here