តើសេដ្ឋកិច្ចអាមេរិកនឹងជួបផលវិបាកបែបណា ប្រសិនបើធនាគារកណ្តាលអាមេរិកមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed) បានលើកឡើងអស់រយៈពេលជាច្រើនខែមកហើយថា ពួកគេត្រូវការពិនិត្យមើលទិន្នន័យ គួរឱ្យជឿជាក់បន្ថែមទៀតដើម្បីធ្វើឲ្យប្រាកដថា អតិផរណា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅ២% មុនពេលដែលពួកគេ អាចសម្រេចកាត់បន្ថយអត្រាការប្រាក់។

ប៉ុន្តែការកើនឡើងលើសការរំពឹងទុក នៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅក្នុងខែមីនា បានធ្វើឱ្យទស្សនវិស័យនៃការបញ្ចុះអត្រាការប្រាក់ ស្ថិតក្នុងភាពមិនច្បាស់លាស់។

យោងតាមរបាយការណ៍ របស់ក្រសួងការងារអាមេរិកបានបង្ហាញថា នៅក្នុងខែមីនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៣%។ នេះក៏ជាមូលហេតុ ដែលប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Jerome Powell បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៦ ខែមេសា ថា ធនាគារកណ្តាលអាមេរិក នឹងមិនកាត់បន្ថយអត្រាការប្រាក់ នៅក្នុងពេលឆាប់ៗនេះនោះទេ។ខាងក្រោមនេះគឺជាសេណារីយ៉ូ ដែលអាចនឹងកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើមិនមានការកាត់បន្ថយ អត្រាការប្រាក់នៅឆ្នាំ២០២៤នេះ៖

ទី១: ការដាំក្បាលចុះនៃទីផ្សារភាគហ៊ុន
ទីផ្សារហ៊ុនបានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមមន្រ្តីរបស់ធនាគារ Fed បានប្រកាសផែនការកាត់បន្ថយអត្រាការប្រាក់ចំនួន៣ដងកាលពីចុងឆ្នាំមុន។

ក្រុមអ្នកវិនិយោគបង្ហាញបំណង ចង់ឃើញការបញ្ចុះអត្រាការប្រាក់ ព្រោះការធ្វើបែបនេះ នឹងជួយកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ដែលអាចជួយបង្កើនប្រាក់ចំណេញ ហើយវាក៏មានន័យថា វិនិយោគិនមានលុយកាន់តែច្រើន ដើម្បីចាក់ចូលទៅក្នុងទីផ្សារ។

ទោះ​ជា​យ៉ាង​ណាក្តី គេសង្កេតឃើញថា តម្លៃផ្សារហ៊ុន Dow ផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន Nasdaq Composite បានធ្លាក់ថ្លៃចុះប្រហែល២%  បន្ទាប់ពីទិន្នន័យដែលចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់ បានកើនឡើងខ្ពស់ជាងការរំពឹងទុកនៅក្នុងខែមីនា។

លោក Itay Goldstein សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៅសាលា Wharton School of Business នៃសាកលវិទ្យាល័យ Pennsylvania បានលើកឡើងថា ការណ៍នេះនឹងជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចអាមេរិក ដោយសារតែការធ្លាក់ថ្លៃចុះនៃភាគហ៊ុនអាចបង្ខំឱ្យក្រុមហ៊ុននានា ពន្យារពេលក្នុងការវិនិយោគ ឬកាត់បន្ថយការចំណាយ។

លោក Goldstein បញ្ជាក់ទៀតថា “ការកើនឡើងនៃអត្រាការប្រាក់ ធ្វើឱ្យមនុស្សមានទំនោរសន្សំប្រាក់ ជាជាងការវិនិយោគ ឬការចំណាយដែលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ”។ លោកបានបន្ថែមថា “ហានិភ័យនោះនឹងកើនឡើង ប្រសិនបើធនាគារ Fed មិនកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ”។

ចំណែក លោក Brian Rose សេដ្ឋវិទូជាន់ខ្ពស់អាមេរិកនៅក្រុមហ៊ុន UBS Global Wealth Management បានបន្ថែមថា ការកើនឡើងនៃអត្រាការប្រាក់ នឹងបង្កើនការចំណាយលើការខ្ចីប្រាក់ ដែលអាចជះផលប៉ះពាល់អវិជ្ជមាន លើការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគអាជីវកម្ម និងទីផ្សារលំនៅដ្ឋាន៕ប្រភព:CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here