ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិន្នផលសំបកកង់ប្រចាំឆ្នាំ របស់ប្រទេសចិនមានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនសរុបទូទាំងពិភពលោក ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើម សាងសង់រោងចក្រនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសផលិតកៅស៊ូដ៏សំខាន់ ដើម្បីទាញយកអត្ថប្រយោជន៍ ពីតម្លៃផលិតកម្មទាប។
រោងចក្រផលិតសំបកកង់របស់ចិននៅកម្ពុជា រួមមានរោងចក្រដែលបានបោះទុនវិនិយោគចំនួន៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានបើកដំណើរការកាលពីឆ្នាំមុន។ រោងចក្រនេះមានសមត្ថភាព ផលិតសំបកកង់សសៃដែកពាក់កណ្តាល ( semi-steel radial tyres) បានប្រាំលានសំបកកង់និងសំបកកង់សសៃដែកពេញ (all-steel radial tyres) ចំនួន ៩០០,០០០សំបកកង់ ក្នុងមួយឆ្នាំ។
ចំណែកក្រុមហ៊ុន Doublestar Tire Industrial របស់ប្រទេសចិន ថ្មីៗនេះ បានចាប់ផ្តើមសាងសង់រោងចក្រ ជាមួយទុនវិនិយោគក្នុងទំហំទឹកប្រាក់២០០ លានដុល្លាររបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ជាមួយនឹងសមត្ថភាពផលិតសំបកកង់ ប្រចាំឆ្នាំចំនួន៨,៥លានសំបកកង់។

ទន្ទឹមនឹងនេះ បរិមាណកៅស៊ូធម្មជាតិសរុប ដែលប្រើប្រាស់ដោយប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ធំជាងគេទីពីរ បន្ទាប់ពីប្រទេសចិន ក្នុងអំឡុងខែមេសា ដល់ខែធ្នូ ឆ្នាំ២០២៣ បានកើនឡើង ៥,៨ភាគរយ ដល់១០៦៥,០០០តោន ធៀបនឹង១០០៧,០០០ តោន ដែលបានប្រើប្រាស់ក្នុងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០២២នេះបើយោងតាម ក្រុមប្រឹក្សាកៅស៊ូនៃប្រទេសឥណ្ឌា៕




