តើទីផ្សារការិយាល័យក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានស្ថានភាពបែបណានៅត្រីមាសទី១?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កំពុងស្ទុះងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្នុងនោះ ទីផ្សារការិយាល័យក៏បានកម្រើកឡើងវិញផងដែរ។

ខាងក្រោមនេះគឺជាស្ថានភាព នៃទីផ្សារការិយាល័យនៅក្នុងបណ្តាប្រទេសចំនួន៤ ក្នុងតំបន់អាស៊ាន នៅត្រីមាសទី១៖

ទី១: ប្រទេសសិង្ហបុរី
អត្រាការិយាល័យទំនេរនៅប្រទេសមួយនេះ មានកម្រិតទាប ខណៈការផ្គត់ផ្គង់នៅមានកំណត់ និងការបង្វែរដើមទុនចេញពីការវិនិយោគ ដែលមានហានិភ័យ បានបន្តជំរុញកំណើនថ្លៃនៃការជួលការិយាល័យ។

បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន  ថ្លៃជួលការិយាល័យលំដាប់ A នៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល(CBD) បានកើនឡើង០,៤%ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដល់១១,៩៥ដុល្លារ ក្នុងមួយហ្វីតការ៉េ ខណៈថ្លៃជួលការិយាល័យលំដាប់B បានកើនឡើង០,៦%ដល់៨,៥៥ដុល្លារក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE។

ទី២: ប្រទេសថៃ
ស្តុកនៃការិយាល័យលំដាប់Aសរុប នៅក្នុងតំបន់CBD បានកើនឡើងដល់២,១៩លានម៉ែត្រការ៉េ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង៨,២ភាគរយ បើធៀបនឹងការិយាល័យ ដែលមាននៅក្នុងស្តុកចំនួន២,០៣លានម៉ែត្រការ៉េ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

ចំណែកឯ ថ្លៃជួលសរុបជាមធ្យមស្ថិតនៅទ្រឹងដដែល ក្នុងអត្រា២៥,៤៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ កម្រិតថ្លៃជួលត្រូវបានគេរំពឹងថា នឹងមានស្ថេរភាព នៅក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ ដោយសារទីផ្សារការិយាល័យ នៅទីក្រុងបាងកកនៅតែមានលក្ខណៈអំណោយផលល្អសម្រាប់អ្នកជួល។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE។

ទី៣: ប្រទេសវៀតណាម
អត្រាទុកទំនេរចោល នៃការិយាល័យកម្រិតA ស្ថិតក្នុងរង្វង់១៦,៧% ធ្លាក់ចុះ១,៩% ខណៈអត្រាទុកទំនេរចោល នៃការិយាល័យកម្រិតB ស្ថិតក្នុងរង្វង់៩% ធ្លាក់ចុះ២,៣ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។

បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ថ្លៃជួលការិយាល័យកម្រិត A ប្រចាំខែជាមធ្យម បានកើនឡើង០,៣%ដល់៥៨,០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈថ្លៃជួលការិយាល័យកម្រិតB បានកើនឡើង០,៥% ដល់៣៤,៣១ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ទី៤: ប្រទេសហ្វីលីពីន
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants (LPC) បានឱ្យដឹងថា តម្រូវការអគារការិយាល័យនៅក្នុងប្រទេសហ្វីលីពីននៅតែបន្តកើនឡើង ខណៈប្រតិបត្តិការបានកើនឡើងមួយភាគបួន ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។

តម្រូវការការិយាល័យ បានកើនឡើង២៥ភាគរយដល់៣៣១.០០០ម៉ែត្រការ៉េ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងការផ្គត់ផ្គង់តម្រូវការ ចំនួន២៦៤.០០០ម៉ែត្រការ៉េ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: CBRE, Vnexpress & The manila Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here