តើគ្រោះទឹកជំនន់ដ៏កាចសាហាវផ្តាច់ជីវិតមនុស្សនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បណ្តាលមកពីអ្វី?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅថ្ងៃសុក្រនេះ អាជ្ញាធរទីក្រុងឌូបៃបានអះអាងថា ព្យុះភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការជន់លិចភ្លាមៗនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលនេះគឺជាគ្រោះទឹកជំនន់ដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។

គ្រោះទឹកជំនន់ដ៏កាចសាហាវនេះក៏បានកើតឡើងនៅប្រទេសអូម៉ង់ផងដែរ ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ២០នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅជាប់គាំងក្នុងទីកន្លែងដែលត្រូវបានជន់លិច។

យោងតាមសេចក្តីរាយការណ៍ពីសំណាក់អាជ្ញាធរបានឲ្យដឹងថា នៅក្នុងឧបទ្ទវហេតុនៃគ្រោះជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យតំបន់ធំៗជាច្រើនរងការលិចលង់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងត្រឹមរយៈពេល ២៤ម៉ោង។

នៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម (UAE) អាជ្ញាធរបានព្រមានប្រជាជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះជាបន្តបន្ទាប់ទៀត។ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ប្រទេសអារ៉ាប់រួមបានព្រមានអំពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ រួមជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោងដែលអាចនឹងវាយប្រហារទៅលើតំបន់ជាច្រើនទៀត។

ទន្ទឹមនឹងនេះ អ្នកដំណើរតាមដងផ្លូវជាច្រើន ត្រូវបង្ខំចិត្តចាកចេញពីឡានរបស់ពួកគេ ដើម្បីរត់ទៅរកកន្លែងជ្រកកោនដែលមានសុវត្ថិភាព ដោយសារតែលំហូរទឹកមានល្បឿនលឿនខ្លាំង ដោយប្រែក្លាយដងផ្លូវទៅជាទន្លេ។ ផ្ទះសម្បែង និងអាជីវកម្មនានាត្រូវបានខូចខាត អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅលើពិភពលោកបានផ្អាកជើងហោះហើរជាបណ្តោះអាសន្ន។

ទីក្រុងឌូបៃ ស្ថិតនៅលើឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម (UAE) ដោយជាធម្មតា មានអាកាសធាតុស្ងួតខ្លាំង ហើយទីក្រុងនេះ កម្រនឹងមានភ្លៀងធ្លាក់ខ្លាំងណាស់។ ដូច្នេះហើយទើប ប្រទេសអារ៉ាប់រួមបានប្រើប្រាស់វិទ្យាសាស្ត្របង្កើតភ្លៀងសិប្បនិម្មិត។

ដោយសារតែបែបនេះហើយ ទើបបណ្តាលឱ្យមានមន្ទិលសង្ស័យថា គ្រោះជំនន់ទឹកភ្លៀងនៅទីក្រុងឌូបៃនាពេលនេះបណ្តាលមកពីភ្លៀងសិប្បនិម្មិតឬយ៉ាងណា?

ប៉ុន្តែ ទាក់ទិននឹងរឿងនេះ មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) ដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវលើបេសកកម្មបណ្ដុះពពកក្នុងប្រទេសអារ៉ាប់រួម បានចេញមកបដិសេធរបាយការណ៍ដែលថា ខ្លួនប្រើបច្ចេកទេសកែប្រែអាកាសធាតុនៅពេលមានព្យុះបក់បោកខ្លាំងនៅទូទាំងប្រទេស។

មជ្ឈមណ្ឌលនេះបានបញ្ជាក់ប្រាប់សារពត៌មាន CNBC ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅធ្វើប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិតមុនពេល ឬក្នុងអំឡុងពេលមានព្យុះឡើយ។

ដូច្នេះ គេអាចសន្និដ្ឋានបានថា ព្យុះទឹកភ្លៀងដ៏កំណាចនៅក្នុងប្រទេសអារ៉ាប់រួម បណ្តាលមកពីកត្តាតែមួយគត់ នោះគឺការប្រែប្រួលអាកាសធាតុទៅតាមធម្មជាតិ៕ប្រភព:Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here