អ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃស្នើឱ្យរដ្ឋាភិបាលរបស់ខ្លួនដំឡើងកូតាកម្មសិទិ្ធបរទេស ស្របពេលតម្រូវការខុនដូរំពឹងកើនឡើង

0

 បាងកកៈ ក្រុមអ្នកអភិវឌ្ឍន៍អចលទ្រព្យ បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើនកូតាកម្មសិទ្ធិសម្រាប់ជនបរទេស ដើម្បីជំរុញសេដ្ឋកិច្ច ខណៈដែលតម្រូវការពីអ្នកទិញបរទេស ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំនេះ។

លោក Brenton Mauriello ប្រធានប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Raimon Land ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃ SET បានលើកឡើងថា កូតាកម្មសិទ្ធិបរទេសអតិបរមា សម្រាប់ការទិញខុនដូ គួរតែត្រូវបានដំឡើងដល់៦០% បើធៀបនឹងការកំណត់កូតាបច្ចុប្បន្នត្រឹមតែ៤៩% ។

លោក​បានបន្ត​ទៀតថា​ “ការធ្វើរបៀបនេះ ​អាច​ផ្តល់ផល​​ប្រយោ​ជន៍យ៉ាង​ខ្លាំង ហើយ​វាមិន​មាន​ឥទ្ធិពល​អវិជ្ជមាន ​ដល់​ប្រទេស​ថៃនោះ​ទេ​”។

ចំណែកលោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈ​មណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា កូតាកម្មសិទ្ធិបរទេស សម្រាប់ការទិញខុនដូ នៅក្នុងគោលដៅពេញនិយមជាច្រើន ដូចជា កោះភូកេត និងប៉ាតាយ៉ាជាដើម ត្រូវបានជនបរទេសសម្រុកទិញយកយ៉ាងឆាប់រហ័សបំផុត។

លោក Vichai បានមានប្រសាសន៍ឱ្យដឹងថា “ទីតាំងមួយចំនួនមិនទាក់ទាញអតិថិជនក្នុងស្រុកនោះទេ។ ដូច្នេះរដ្ឋាភិបាលគួរតែបង្កើនកូតា កម្មសិទ្ធិបរទេសនៅក្នុងតំបន់ទាំងនោះ ដើម្បីជំរុញសេដ្ឋកិច្ច ដោយសារទីផ្សារខុនដូ នៅក្នុងទីតាំងបែបនេះ អាស្រ័យលើតម្រូវការពីសំណាក់ជនបរទេស”។

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌល ​​REIC បានបង្ហាញថា ការផ្ទេរខុនដូទៅកាន់ជនបរទេស ក្នុងឆ្នាំ២០២៣ មានចំនួនសរុប១៤.៤៤៩យូនីត ដែលមានតម្លៃ៧៣,១ពាន់លានបាត ដោយកើនឡើង២៥% និង២៣,៥%រៀងគ្នា បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាត។

លោក Vichai បានបញ្ជាក់បន្ថែមថា “កត្តាជំរុញសំខាន់ៗ រួមមាន លទ្ធផលជាវិជ្ជមានពីការបើកទ្វារ ប្រទេសឡើងវិញនៅឆ្នាំ២០២១ ការលើកលលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថានកាលពីឆ្នាំមុន និងជម្លោះភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតមាន”៕ប្រភព: Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here